ប្រជាជនហ្គាហ្សាកែច្នៃបន្ទះសូឡាខូចបង្កើតអគ្គិសនី
ហ្គាហ្សា៖ ប្រជាជនប៉ាឡេស្ទីនបានជួសជុលបន្ទះស្រូបពន្លឺព្រះអាទិត្យដែលខូចដោយសារសង្រ្គាមនៅជំរុំ Nuseirat ភាគកណ្តាលនៃតំបន់ហ្គាហ្សា ចំពេលដាច់ចរន្តអគ្គិសនី។
ពលរដ្ឋហ្គាហ្សារស់នៅក្នុងជំរុំម្នាក់បាននិយាយថា បន្ទាប់ពីកើតមានសង្រ្គាមអស់ពេល ៩ខែ និងការស៊ូទ្រាំរស់នៅជាមួយនឹងអាកាសធាតុក្តៅខ្លាំង ថាមពលពន្លឺព្រះអាទិត្យបានក្លាយទៅជាប្រភពមិនអាចខ្វះបាននៅគ្រប់គេហដ្ឋាន ឬហាងនានា។
លោក Baraa al-Hajj ជាអ្នកបច្ចេកទេស អាយុ ២៩ឆ្នាំ បានបញ្ជាក់ថា គ្រឿងបន្លាស់ដែលយើងប្រើសម្រាប់ជួសជុលបន្ទះស្រូបពន្លឺព្រះអាទិត្យ គឺមិនមានទេ ដូច្នេះយើងយកគ្រឿងពីបន្ទះស្រូបពន្លឺព្រះអាទិត្យចំនួនពីរដែលខូច ដើម្បីរួមបញ្ចូលគ្នាជាបន្ទះមួយ ដោយផ្ទេរសមាសធាតុពីបន្ទះមួយទៅបន្ទះមួយទៀត ដើម្បីជួសជុលវាប្រើប្រាស់។
លោកបន្ថែមថា ថាមពលអគ្គិសនី គឺជារឿងមិនអាចខ្វះបានទេ ពីព្រោះមនុស្សទូទៅប្រើវាដើម្បីសាកថ្មទូរស័ព្ទ និងទំនាក់ទំនងជាមួយសាច់ញាតិរបស់ពួកគេនៅបរទេស។ ការសាកថ្មទូរស័ព្ទរបស់ប្រជាជនហ្គាហ្សាសព្វថ្ងៃនេះ មិនមែនជារឿងងាយស្រួលដូចមុននោះទេ ដោយសារតែមានការដាច់ភ្លើងអស់ពេលជាង ២៥០ថ្ងៃហើយ។
ប្រជាជនហ្គាហ្សាម្នាក់ទៀតបាននិយាយថា ក្នុងនាមជាជាងកាត់សក់ម្នាក់ ខ្ញុំពឹងផ្អែកលើថាមពលពន្លឺព្រះអាទិត្យ ដើម្បីសាកថ្មឧបករណ៍ត្រង់ឌឺរបស់ខ្ញុំ ទើបអាចធ្វើការងាររបស់ខ្ញុំបាន។ រីឯប្រជាជនហ្គាហ្សាម្នាក់ទៀតក៏បានអះអាងដែរថា មនុស្សម្នានាំគ្នាមកទីនេះដើម្បីសាកថ្មទូរស័ព្ទ និងអាគុយដែលពួកគេប្រើសម្រាប់បំភ្លឺនៅក្នុងតង់របស់ពួកគេ និងកង្ហារដែលកំពុងដំណើរការនៅខាងក្នុងតង់ ដោយសារកំដៅនៅពេលថ្ងៃ គឺមិនអាចទ្រាំទ្របានទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា