អាគុយឡានអគ្គិសនីថ្មីរបស់អង់គ្លេស ប្រើពេល ៦ នាទី សាកពេញ ១០០ ភាគរយ
បរទេស៖ ប្រើពេលបញ្ចូលត្រឹម ៦ នាទីប៉ុណ្ណោះ អាគុយឡានអគ្គិសនីថ្មីរបស់ក្រុមហ៊ុនអង់គ្លេស Nyobolt ដែលផ្ទុកថាមពល ៣៥ គីឡូវ៉ាត់ម៉ោង នឹងសាកពេញ ១០០ ភាគរយ ។ ល្បឿនសាកដ៏លឿននេះ បានបង្កើតកំណត់ត្រាសាកលឿនបំផុត មិនធ្លាប់មានក្នុងពិភពលោក។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Interesting Engineering ។
តាមការធ្វើតេស្តលើប្រភេទឡានស្ព័រ ឬ EV Sportscar នាពេលថ្មីៗនេះ ល្បឿនសាកអាគុយឡានរបស់ក្រុមហ៊ុន Nyobolt មានកម្លាំងលឿនជាងអាគុយធម្មតាដល់ទៅ ២ ដង ខណៈចាយពេលត្រឹម ៤ នាទីប៉ុណ្ណោះ អាគុយឡានអាចឡើងដល់ ៨០ ភាគរយទៅហើយ ។
ក្រោយបង្ហាញកម្លាំងសាកលឿនបំផុតនេះហើយ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cambridge មួយនេះ បានបង្ហាញមហិច្ឆតាដាក់លក់អាគុយប្រភេទនេះលើទីផ្សារចំនួន ១ ពាន់អាគុយក្នុងរយៈពេល ១ ឆ្នាំដំបូង ។
ការបញ្ចេញអាគុយរបស់ក្រុមហ៊ុន Nyobolt បានធ្វើឡើង ស្របពេលដែលការសាកថ្មឡានអគ្គិសនី នៅតែជាឧបសគ្គដ៏ធំ នៅចក្រភពអង់គ្លេស ជាពិសេសលើបញ្ហាការចំណាយពេលសាកថ្មយូរ និងកង្វះស្ថានីយសាក EV ជាដើម នេះបើតាម Interesting Engineering ដដែល៕
ប្រែសម្រួល៖ សារ៉ាត