សារមន្ទីរជាតិរៀបចំពិធីទទួលវត្ថុបុរាណខ្មែរចំនួន ១៤មុខពីសារមន្ទីរ Metropolitan Museum របស់អាមេរិក ដែលបានប្រគល់មកឱ្យកម្ពុជាវិញ

(ភ្នំពេញ)៖ ក្រោយការត្រឡប់មកវិញ នៃវត្ថុបុរាណខ្មែរដ៏មានតម្លៃ នារសៀល ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធី ប្រគល់ -ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យ (ការប្រមូលផ្សំ ទុក) របស់សារមន្ទីរ Metropolitan Museum ហៅកាត់ ថាMET នៃសាហរដ្ឋ អាមេរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្រសួងវប្បធម៌បានឱ្យដឹងថាក្នុងចំណោមវត្ថុទាំង១៤នោះ មានវត្ថុពិចិត្រមួយ ចំនួន ដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា៖ រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុង ឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរិទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុង សារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ MET ទិញពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)ក្នុងឆ្នាំ១៩៩២។ ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន ១១ផ្សេងទៀត ក៏បានយោងដំណើរត្រលប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។

គួរបញ្ជាក់ដែរថាវត្ថុបុរាណ ខ្មែរចំនួន១៤រូប បានបញ្ជូន ពីសហរដ្ឋអាមេរិក មកដល់ សារ មន្ទីរជាតិកម្ពុជា នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងថា ៖ ការបញ្ជូនត្រឡប់មក វិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់កម្ពុជា ពីសារមន្ទីរ MET ដែល ជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ ជាច្រើនឆ្នាំ រវាង ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាង សារមន្ទីរ MET ។

ជាមួយគ្នានេះ ក្រសួងរវប្បធម៌រំពឹងថា មរតកវប្បធម៌សំខាន់ៗដទៃជាច្រើនទៀត នឹងប្រគល់ត្រឡប់មកមាតុភូមិវិញនាពេលអនាគត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner