១៥ ថ្ងៃទៀត សេវារថភ្លើង បាងកក-វៀងចន្ទន៍ បើកដំណើរការ តម្លៃសំបុត្រ ៨ ដុល្លារ
បាងកក៖ ប្រទេសថៃ និងឡាវនឹងចាប់ផ្ដើមដំណើរការសេវារថភ្លើងអន្តរជាតិថ្មីមួយដែលតភ្ជាប់ទីក្រុងបាងកកទៅទីក្រុងវៀងចន្ទន៍នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។ នេះបើតាមការប្រកាសរបស់ប្រតិបត្តិករផ្លូវដែកថៃ (SRT) នៅថ្ងៃពុធសប្តាហ៍នេះ ។
គេរំពឹងថា តម្លៃសំបុត្រមួយជើងពីទីក្រុងបាងកក ទៅទីក្រុងវៀងចន្ទន៍ នឹងលក់ក្នុងតម្លៃប្រហែល ៣០០ បាត (៨ ដុល្លារ) សម្រាប់កៅអីលំដាប់ទីបី ខណៈពេលវេលាធ្វើដំណើរគឺប្រហែល ១០ ម៉ោង ។
សេវារថភ្លើងថ្មីនេះ នឹងចាប់ផ្ដើមចេញដំណើរពីស្ថានីយ៍ Krung Thep Aphiwat នៅម៉ោង ៩ និង ២៥ នាទីយប់ថ្ងៃទី១៩ ខែកក្កដា ហើយទៅដល់ស្ថានីយ៍ Khamsavath នៃទីក្រុងវៀងចន្ទន៍ នៅម៉ោង ៩ និង ០៥ នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ។
មន្ត្រីម្នាក់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថា នៅពេលទៅដល់គោលដៅ អ្នកដំណើរអាចប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈ មានដូចជា ឡានក្រុង និងឡានតាក់ស៊ី ដើម្បីធ្វើដំណើរទៅកាន់ទីប្រជុំជនវៀងចន្ទន៍ ដែលមានចម្ងាយពី ៧ ទៅ ៩ គីឡូម៉ែត្រ ។
អ្នកដំណើរអាចទៅទស្សនាកន្លែងទាក់ទាញមួយចំនួន មានដូចជា វិមានសង្រ្គាម Patuxai ឬអាចឡើងជិះរថភ្លើងល្បឿនលឿន ឡាវ-ចិន នៅស្ថានីយរថភ្លើងក្រុងវៀងចន្ទន៍ ដើម្បីធ្វើដំណើរបន្តទៅខេត្តផ្សេងទៀតក្នុងប្រទេសឡាវ ឬទៅប្រទេសចិន ។
ក្រៅពីការតភ្ជាប់ទៅក្រុងវៀងចន្ទន៍ ប្រតិបត្តិករផ្លូវដែកថៃ (SRT) ក៏កំពុងពង្រីកសេវាកម្មរថភ្លើងបន្ថែមពីទីក្រុងបាងកកទៅកាន់ទីក្រុងណងខៃផងដែរ ៕
ប្រភព ÷ បាងកកប៉ុស្តិ៍ ប្រែសម្រួលដោយ÷ ឈឹម ទីណា