អភិបាលខេត្តកំពង់ធំជំរុញសកម្មភាពការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព
កំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានណែនាំដល់បញ្ជាការស្រាល និងសមត្ថកិច្ចជំនាញ ដែលឈរជើងនៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ និងតំបន់វាលក្រោម (តំបន់៣) ត្រូវបន្តអនុវត្ត និងធ្វើសកម្មភាពប្រតិបត្តិការឱ្យជាប់ជាប្រចាំ ក្នុងការការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ការពារ ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ បានផ្តល់នូវគោលការណ៍សំខាន់ៗ មួយចំនួនក្នុងនោះ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវចាត់តាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប អំពីវិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណា ដែលបានឃុបឃិត ចូលរួម និងធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។ ត្រូវពង្រឹងតួនាទីភារកិច្ច នៅទីបញ្ជាការស្រាល ក្នុងកិច្ចការពារទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ។ក្តាប់ព័ត៌មានបន្ថែមអំពីចលនាអូសទាញប្រជាពលរដ្ឋ ប្រមូលផ្តុំប្រឆាំងតវ៉ា ដើម្បីមានវិធានការទាន់ពេលវេលា ។ ទីបញ្ជាការស្រាល និងសមត្ថកិច្ចជំនាញ មានភារកិច្ចបន្តស្រាវជ្រាវរកមុខសញ្ញា ពិសេសអ្នកនៅពីក្រោយខ្នង ដោយសហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។ចាត់វិធានការដកហូតដីដែលបានរកឃើញពីការទន្ទ្រានខុសច្បាប់ និងដីអាស្រ័យផលខុសច្បាប់ ព្រមទាំងកសាងសំណុំរឿងតាមនីតិវិធី។
ចំណុចចុងក្រោយគឺរៀបចំយុទ្ធនាការដាំដើមឈើ លើផ្ទៃដីដែលបានរកឃើញដោយការកាប់ទន្ទ្រានខុសច្បាប់នាពេលកន្លងទៅ ៕
ដោយ៖ប៊ុន រដ្ឋា