មន្ទីរកសិកម្មនិងរដ្ឋបាលស្រុកស្ទោងអន្តរាគមន៍សង្គ្រោះស្រូវជាង១.២០០ហិកតា នៅឃុំសំព្រោជ
កំពង់ធំ៖លោក ប៉ែន វណ្ណរិទ្ឋិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនៅរសៀលថ្ងៃទី៤ ខែកក្កដាបានអន្តរាគមន៍សម្របសម្រួលបញ្ជូនទឹកសង្គ្រោះស្រូវកសិករចំនួនជាង១.២០០ ហិកតា នៅឃុំសំព្រោជ ស្រុកស្ទោង ដែលកំពុងប្រឈមនឹងការខូចខាតដោយការខ្វះខាតទឹក។
ក្នុងសកម្មភាពដល់ទីកន្លែងលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋាននិងស្នើដល់ជំនាញពាក់ព័ន្ធ ត្រូវសម្របសម្រួលតាមដានរាល់ស្ថានភាពស្រូវរបស់កសិករដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួតដែលបានអូសបន្លាយពេលវេលាវែងនាដើមវស្សាឆ្នាំនេះដែលភ្លៀងមិនទាន់គ្រប់គ្រាន់ដោយអន្តរាគមន៍នាំទឹកពីអាង៣០កញ្ញាឱ្យបានទាន់ពេលវេលា។
ចំណែកលោក ប៉ែន វណ្ណរិទ្ធិ ប្រធានមន្ទីរកសិកម្មបានសំណូមពរដល់ប្រជាពលរដ្ឋសូមមានការយោគយល់អធ្យាស្រ័យគ្នា ចំពោះការបែងចែក និងបញ្ជូនទឹកតាមវេននៃប្រឡាយទឹកទៅសង្គ្រោះស្រែមានសភាពយឺតយ៉ាវ ឬមិនទាន់គ្រប់គ្រាន់ទៅតាមស្ថានភាព ពីព្រោះប្រឡាយមេតូចហើយស្ថានភាពបរិមាណស្រែដែលត្រូវសង្គ្រោះមានច្រើនហិកតាដែលត្រូវការពេលវេលា។
ស្របពេលមន្ទីរកសិកម្មនិងរដ្ឋបាលស្រុកយកចិត្តទុកដាក់ជួយសង្រ្គោះស្រូវដើមរដូវ កសិករនៅក្នុងឃុំសំព្រោជបានថ្លែងអំណរគុណដល់លោកប្រធានមន្ទីរកសិកម្ម លោកអភិបាលស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់ចុះសម្របសម្រួលអន្តរាគមន៍បែងចែកបញ្ជូនទឹកសង្គ្រោះស្រែរបស់គាត់នាពេលនេះ។
សូមជម្រាបថា ដោយសាររដូវវស្សាឆ្នាំនេះមានសភាពយឺតយ៉ាវធ្វើឱ្យទឹកភ្លៀងមិនមានគ្រប់គ្រាន់ស្រោចស្រពដល់ស្រូវ ហើយស្រូវដែលត្រូវសង្គ្រោះបឋមនៅពេលនេះមានចំនួនជាង១២០០ហិកតា៕
ដោយៈប៊ុន រដ្ឋា