អភិបាលខេត្តបន្ទាយមានជ័យ ចាត់ក្រុមការងារទៅសង្រ្គោះផ្លូវមួយខ្សែនៅសង្កាត់ព្រះពន្លា និងសង្កាត់កោះពងសត្វ
បន្ទាយមានជ័យ៖ផ្លូវមួយខ្សែប្រវែងជាងមួយគីឡូម៉ែត្រដែលធ្លាប់រងគ្រោះដោយសារទឹកជំនន់ និងជួបការលំបាកនៅក្នុងរដូវវស្សា ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងក្រុមការងារកាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤បាននាំយកគ្រឿងចក្រនិងចាក់ថ្មក្រាលជាបណ្ដោះអាសន្នដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស ។កំណាត់ផ្លូវនេះចាប់ពីចំណុចភូមិទទង់ សង្កាត់ព្រះពន្លា ទៅកាន់សង្កាត់កោះពងសត្វ ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ផ្លូវមួយខ្សែដែលមានប្រវែងជាងបួនគីឡូម៉ែត្រនេះ នឹងត្រូវដំណើរការគម្រោងនៅក្នុងឆ្នាំក្រោយដែលជាគម្រោងផ្លូវបេតុង។បច្ចុប្បន្នលោកក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដោយសារតែស្ថានភាពលំបាកនៃផ្លូវនេះ។តែចំពោះមុខឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាដើម្បីយកបំណែកថ្មមកក្រាលជាបណ្តោះអាសន្នសិនដើម្បីសម្រួលដល់ការធ្វើដំណើរ។ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនៅសង្កាត់កោះពងសត្វក៏អាចធ្វើដំណើរតាមផ្លូវមួយខ្សែទៀតដោយឆ្លងកាត់ទៅសង្កាត់ភ្នៀត។
សូមជម្រាបថា ផ្លូវមួយខ្សែនេះជាផ្លូវមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនិងសម្រួលដល់ការរស់នៅ។កន្លងទៅប្រជាពលរដ្ឋក៏បានស្នើសុំអាជ្ញាធរឱ្យធ្វើផ្លូវនេះ។អាជ្ញាធរក៏បានលើកគម្រោងដើម្បីស្ថាបនា។ប៉ុន្តែមុននឹងផ្លូវត្រូវបានសាងសង់ដោយមើលឃើញអំពីការលំបាករបស់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុំ រាត្រី ក៏បានចាត់ក្រុមការងារយកគ្រឿងចក្រមកក្រាលថ្មដើម្បីសម្រួលការធ្វើជាបណ្ដោះអាសន្នសិនក្នុងរដូវវស្សានេះ៕
ដោយ៖ឃិន គន្ធា