ប្រធានសមាគមក្រុមការងារ១០០រាត្រី បង្ហាញពីគោលបំណង​ខ្មៅកង្វក់​របស់​លោក អាឡិច និងក្រុមប្រឆាំង​ដើម្បីកេងចំណេញនយោបាយ​

ភ្នំពេញ៖ លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងការវិវឌ្ឍការងារសង្គម និងជាអតីតសកម្មជនមាតាធម្មជាតិ បានថ្លែងថា ទាក់ទងការប្រកាសសាលក្រមផ្តន្ទាទោសសកម្មជនមាតាធម្មជាតិចំនួន១០នាក់ ដែលធ្វើសកម្មភាពល្មើសច្បាប់ដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ លោកមើលឃើញមានចំណុច ៣ ដែលលោកសង្កេតឃើញ គឺទី១.ពាក់ព័ន្ធទៅនឹងគោលបំណង ក៏ដូចជាការចង់បានរបស់លោក អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) មេក្លោងចលនាខុសច្បាប់ ក៏ដូចជាវិទ្យុអាស៊ីសេរី និងទណ្ឌិតក្បត់ជាតិ ៣ជំនាន់ គឺពួកគេមានការសប្បាយចិត្តត្រេកអរនៅពេលដែលយុវជនសកម្មជនមាតាធម្មជាតិត្រូវទទួលបានការផ្តន្ទាទោសដាក់ពន្ធនាគារ ដោយពួកគេយករឿងនេះ ដើម្បីកេងចំណេញនយោបាយ។ គោលបំណងរបស់ពួកគេនៅតុលាការអនុវត្តច្បាប់ទៅលើសកម្មជនទាំង១០នាក់នេះ គឺពួកគេរំពឹងថា សហគមន៍អន្តរជាតិនិងថ្កោលទោស ក៏ដូចជាការដាក់សម្ពាធមកលើរាជរដ្ឋាភិបាល។ ដោយពួកគេមិនចង់ឱ្យសេដ្ឋកិច្ច ក៏ដូចជាការវិនិយោគនៅក្នុងប្រទេសកម្ពុជាទេ។ អ្វីដែលពួកគេចង់បាន គឺចង់ឃើញកម្ពុជាធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរ ដើម្បីពួកគេមានលេសផ្សេងៗ ក្នុងកៀរគរប្រជាពលរដ្ឋឱ្យមកប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល។

លោក មួង សូនី បានបន្តថា ទី២.យុវជនសកម្មជនមាតាធម្មជាតិដែលត្រូវបានតុលាការផ្តន្ទាទោស គឺពួកគេបានចាញ់ល្បិចកលរបស់លោក អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ដោយបានទទួលនូវមនោគមន៍វិជ្ជា ការបណ្តុះបណ្តាល ការលើកទឹកចិត្តរហូតដាក់ជាវីរបុរសទៀតនៅពេលដែលចេញមុខប្រឆាំងរាជរដ្ឋាភិបាល ពីព្រោះយើងឃើញថា សព្វថ្ងៃរាជរដ្ឋាភិបាលបានបើកទូលំទូលាយនូវការចូលរួមពីសំណាក់សង្គមស៊ីវិលដើម្បីធ្វើការកសាងសន្តិភាព កសាងជាតិ ការងារបរិស្ថាន ការងារសង្គមជាដើម រួមគ្នាដើម្បីអភិវឌ្ឍន៍ជាតិ។ ប៉ុន្តែផ្ទុយទៅវិញមនោគមន៍វិជ្ជារបស់លោក អាឡិច និងវិទ្យុអាស៊ីសេរី រួមទាំងក្រុមប្រឆាំង គឺពួកគេចង់ឱ្យយុវជនមើលឃើញផ្ទុយពីហ្នឹង មើលឃើញថារដ្ឋាភិបាលអាក្រក់ និងគិតអវិជ្ជមានចំពោះរាជរដ្ឋាភិបាល។ ហើយធ្វើយ៉ាងណាឱ្យយុវជនចេញមុខប្រឆាំងរាជរដ្ឋាភិបាលតាមរយៈការធ្វើនៅសកម្មភាពខុសច្បាប់ផ្សេងៗ រហូតដល់រួមគំនិតជាអំពើក្បត់ជាតិ និងជំរុញរហូតទៅដល់ធ្វើបដិវត្តន៍ពណ៌ និងប្រមាថដល់អង្គព្រះមហាក្សត្រ ដែលឈានទៅដល់ការជាប់ទោសទណ្ឌ។ ដែលទាំងអស់នេះ គឺជាកិច្ចរៀបចំតាំងពីដើមរបស់លោក អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន។

ប្រធានសមាគមក្រុមការងារ១០០រាត្រី បានបញ្ជាក់ថា ការជាប់ពន្ធនាគារបស់សកម្មជនទាំងនោះ គឺឃើញថាការឃោសនារបស់វិទ្យុអាស៊ីសេរី ក៏ដូចជាលោក អាឡិច គឺពួកគេខិតខំបន្តដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យបន្តបម្រើសកម្មភាពរបស់ខ្លួនតទៅទៀត។ ដោយឡែកទី៣ លោក សូនី បានឱ្យដឹងទៀតថា លោក អាឡិច និងជនក្បត់ជាតិ ៣ជំនាន់ នឹងឆ្លៀតឱកាសយករឿងនេះ ដើម្បីកៀរគរថវិកា ក៏ដូចជាជំនួយពីអង្គការក្រៅប្រទេស ដោយគេប្រើរូបភាពជួយប្រទេសកម្ពុជា និងជួយអ្នកជាប់ពន្ធនាគារទាំងអស់នោះ ប៉ុន្តែគេយកមកដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ដែលនេះជានយោបាយរបស់ពួកគេបានខិតខំធ្វើតាំងតែពីដើមមក។

ក្នុងឱកាសនេះ លោក មួង សូនី បានអំពាវនាវទៅដល់យុវជនដទៃទៀតដែលកំពុងតែមានទំនាក់ទំនងជាមួយលោក អាឡិច ឬក៏មិនទាន់មានទំនាក់ទំនង សូមប្រុងប្រយ័ត្នឱ្យបានច្បាស់លាស់ ពីព្រោះការចូលរួមជាមួយលោក អាឡិច និងក្រុមប្រឆាំង គឺមិនបាននាំអ្វីមកឱ្យសង្គមជាតិទេ ក្រៅតែអំពីការបំផ្លាញសុខសន្តិភាព ការធ្វើឱ្យប្រទេសអ័ព្វឱនមុខមាត់នៅលើឆាកអន្តរជាតិ ហើយគ្រាន់តែជាការបំពេញនៅមហច្ឆិតានយោបាយល្បិចកលយុទ្ធសាស្ត្រដ៏អាក្រក់របស់លោក អាឡិច តែប៉ុណ្ណោះ៕
ដោយ៖ពលជ័យ

ads banner