ប្រធានអង្គការស៊ីម៉ាក់ពន្យល់មូលហេតុអ្វីបានជាខេត្តប្រកាសអស់មីនមានមនុស្សស្លាប់ និងរបួសដោយសារគ្រាប់មីន (Video Inside)

ប្រធានអង្គការស៊ីម៉ាក់បានថ្លែងថា «គ្រាប់មីនតោន, គ្រាប់បែកចង្កោម, គ្រាប់ទម្លាក់ពីលើយន្តហោះ និងគ្រាប់មិនទាន់ផ្ទុះ នៃសំណល់សង្គ្រាម គឺមិនមែនជាគ្រាប់ស្ថិតក្នុងនិយមន័យ ដែលបានប្រកាសថា «អស់គ្រាប់មីន» នោះទេ។

កម្ពុជាបានដាក់ចេញនូវគំរោងបំបាត់អស់គ្រាប់មីនទាំងស្រុងនៅក្នុងឆ្នាំ២០២៥។ ប៉ុន្តែបើយោងតាមប្រធានអង្គការស៊ីម៉ាក់លោក ហេង រតនា «គ្រាប់មីនតោន» មិនបានស្ថិតក្នុងនិយមន័យ នៃការប្រកាសរបស់កម្ពុជាថា «អស់គ្រាប់មីន» នោះឡើយ។

ប្រសាសន៍ថ្លែងរបស់លោក ហេង រតនា នៅថ្ងៃទី៤កក្កដា បានធ្វើឡើងក្នុងការបកស្រាយតប ចំពោះសាធារណជនដែលឆ្ងល់ថាហេតុអ្វីបានជាខេត្តប្រកាសថាអស់មីន ស្រាប់តែនៅមានមនុស្សស្លាប់ និងរបួសដោយសារគ្រាប់មីនទៀត។

យោងតាមអគ្គនាយកនៃអង្គការស៊ីម៉ាក់រូបនេះ និយមន័យថាការ «អស់គ្រាប់មីន» ពីមូលដ្ឋាន ក្នុងខេត្តដែលប្រកាសនោះ គឺសម្តៅទៅលើមីនតូចៗ ដាក់បង្កប់សម្លាប់សត្រូវ Anti personnel landmines ដែលមិនមែនជាមីនតោនធំៗ សម្រាប់ដាក់បំផ្លាញរថក្រោះ និងយានយន្តយោធា របស់សត្រូវនោះឡើយ។

ករណីបុរសអាយុ៦៦ឆ្នាំឈ្មោះ ឡេង ថាន ដែលបានស្លាប់កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនោះ គឺជាករណីជីកប៉ះគ្រាប់មីនតោន ដែលជាគ្រាប់មីន មិនស្ថិតចូលក្នុងនិយមន័យ «អស់គ្រាប់មីន» ពីក្នុងមូលដ្ឋានឡើយ។

ads banner