ជំនួបរវាងអភិបាលខេត្តបន្ទាយជ័យ ជាមួយប្រតិភូសភាពាណិជ្ជកម្មខេត្ត
បន្ទាយមានជ័យ៖ ជំនួបរវាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជាមួយប្រតិភូសភាពាណិជ្ជកម្មខេត្តដឹកនាំដោយឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តកាលពីរសៀលថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត។
ឧកញ៉ា អ៊ឹង វណ្ណម៉ៅ បានឱ្យដឹងថា ក្នុងការជួបសំណេះសំណាលជាមួយឯកឧត្តមអភិបាលខេត្តពេលនេះដើម្បីទទួលបានការណែនាំក៏ដូចជាការផ្តល់បទពិសោធន៍ពីឯកឧត្ដមអភិបាលខេត្តលើការងារវិនិយោគ,ការធ្វើអាជីវកម្មនិងពាណិជ្ជកម្ម រួមទាំងវិស័យសង្គមជាដើម ។
ក្នុងជំនួបខាងលើនេះដែរឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលដែលបានគាំទ្រ និងផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍសង្គម ហើយផ្នែកឯកជនក៏ចាំបាច់រួមគ្នាជាមួយវិស័យសាធារណៈ ឬរដ្ឋដោយត្រូវដើរទន្ទឹមគ្នាដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីជំរុញវិស័យពាណិជ្ជកម្មរបស់ខេត្តកាន់តែប្រសើរយើងខិតខំស្វះស្វែងរកដៃគូវិនិយោគឬ ពាណិជ្ជកម្មនៅក្នុងនិងក្រៅប្រទេស។ពិសេសបង្កើនកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អរវាងដៃគូធ្វើពាណិជ្ជកម្មអន្តរជាតិសំដៅជំរុញការនាំចេញនូវកសិផលនិងផលិតផលក្នុងស្រុកទៅកាន់ទីផ្សារក្រៅប្រទេស ។
ឯកឧត្តម អ៊ុ រាត្រី ក៏បានផ្តោតការយកចិត្តទុកដាក់លើសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការល្អយ៉ាងជិតស្និទ្ធជាមួយគណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងក្នុងរាល់កិច្ចការងារវិនិយោគនិងពាណិជ្ជកម្មរួមទាំងការងារសង្គម ៕
ដោយ៖ គៀន ច័ន្ទហ៊ីន