ពាណិជ្ជកម្ម ចិន-វៀតណាម ស្ទុះឡើងកក់ក្តោង ទោះសេដ្ឋកិច្ចមិនល្អ
បរទេស៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមអះអាងថា ការដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងប្រទេស ចិន និងវៀតណាម កំពុងស្ទុះងើបឡើងវិញ បើទោះបីជាមានការលំបាកផ្នែកសេដ្ឋកិច្ចពិភពលោក និងជម្លោះភូមិសាស្ត្រនយោបាយ ក៏ដោយ។
ជាក់ស្តែង ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានឈានដល់ ជិត ១០០ ពាន់លានដុល្លារអាមេរិក ក្នុង រយៈពេល ៦ ខែដំបូង នៃឆ្នាំ២០២៤ ។ នេះបើយោងតាមការចេញផ្សាយដោយ កាសែត VNexpress ។
ការិយាល័យស្ថិតិទូទៅបានបង្ហាញថា ការនាំចេញរបស់វៀតណាមទៅចិន បានឈានដល់ ២៧.៨ ពាន់លានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំនេះ កើនឡើង ៥.៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ រីឯ ចិននាំទំនិញ ទៅវៀតណាម តម្លៃ ៦៧ ពាន់លានដុល្លារ កើនឡើង ៣៤.៧% ។
ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ហើយចិនក៏ជាទីផ្សារនាំចូលធំ លំដាប់ទី១ និងជាទីផ្សារនាំចេញធំ លំដាប់ទីពីរ របស់វៀតណាមផងដែរ នេះបើតាមកាសែត VNexpress៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត