ឡាន GM អាមេរិករាប់លានគ្រឿងបន្លំបំភាយឧស្ម័នពុល ត្រូវបង់ពិន័យកប់ក្ដោង
បរទេស៖ និយតករសហព័ន្ធអាមេរិករកឃើញថា រថយន្តរបស់ក្រុមហ៊ុន General Motors ឬ GM ចំនួន ៥ លាន ៩ សែនគ្រឿង បានបន្លំបំភាយឧស្ម័នពុល ក្នុងកម្រិតច្រើនជាងសេចក្តីរាយការណ៍របស់ខ្លួន ។ ជុំវិញរឿងនេះ GM នឹងបង់ប្រាក់ពិន័យជិត ១៤៦ លានដុល្លារអាមេរិក ។
អ្នកនាំពាក្យ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ ហៅកាត់ NHTSA បានប្រាប់ AFP ថា រថយន្តទាំងនេះ ត្រូវបានផលិត នៅចន្លោះឆ្នាំ ២០១២ និង ២០១៨ ។ តាមរយៈការធ្វើតេស្ត ឡានទាំងនេះបានបំភាយកាបូនឌីអុកស៊ីតខ្ពស់ជាង ១០ ភាគរយ ធៀបនឹងរបាយការណ៍របស់ក្រុមហ៊ុន GM នេះបើយោងតាមទីភ្នាក់ងារការពារបរិស្ថាន EPA ។
កាលពីឆ្នាំមុន ក្រុមហ៊ុន GM ធ្លាប់បានបង់ប្រាក់ពិន័យស្រដៀងគ្នានេះ ដល់រដ្ឋបាល NHTSA ចំនួន ១២៨លានដុល្លារ នៅពេលដែលរថយន្តភីកអាប់ ជាច្រើនគ្រឿង មិនបានបំពេញតាមស្តង់ដារ សន្សំសំចៃប្រេង ។
កាលពីខែមីនា ឆ្នាំ២០២៤ រដ្ឋបាលលោកប្រធានាធិបតី Joe Biden បានចេញស្តង់ដារ ស្តីពីការបំភាយរថយន្តដ៏តឹងរ៉ឹង បន្ថែមទៀត សម្រាប់យានយន្តដែលផលិត នៅសហរដ្ឋអាមេរិក ។ ស្តង់ដារកម្រិតបរិមាណនៃការបំភាយឧស្ម័នពុលបែបនេះបាននិងកំពុងលើកទឹកចិត្តក្រុមហ៊ុនផលិតរថយន្តនានា ងាកទៅរកការផលិតរថយន្តអគ្គិសនី កាន់តែច្រើន ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត