រុស្ស៊ីក្តៅបំផុតពុំធ្លាប់មាន ក្នុងពេល ១០០ ឆ្នាំ
មូស្គូ៖ ធ្លាប់តែចុះត្រជាក់រងារញ័រញាក់ខ្លាំង ពេលនេះសីតុណ្ហភាពទីក្រុងមូស្គូ ប្រទេសរុស្ស៊ី និងតំបន់ជុំវិញ បានឡើងកម្តៅខ្លាំងបំផុតពុំធ្លាប់មាន ក្នុងរយៈពេលជាងមួយសតវត្ស ។ រលកកម្ដៅក្ដៅខ្លាំងនេះក៏អាចបង្កគ្រោះថ្នាក់ សម្រាប់មនុស្សវ័យចំណាស់ផងដែរ ។
លោក Roman Vilfand នាយកទីភ្នាក់ងារអាកាសធាតុ Rosgidromet នៃក្រសួងបរិស្ថាន និងធនធានធម្មជាតិរុស្ស៊ី បាននិយាយថា គិតត្រឹមថ្ងៃពុធ សីតុណ្ហភាពនៅក្នុងទីក្រុងមូស្គូ បានឡើងដល់ ៣២.៥ អង្សាសេ ដែលជាកំណត់ត្រាឡើងកម្ដៅពុំធ្លាប់មាន តាំងពីឆ្នាំ ១៩១៧ មក ។
លោក Vilfand បានព្រមានថា ទោះពេលយប់ក៏ដោយ សីតុណ្ហភាពនឹងមិនធ្លាក់ចុះក្រោម ១៤.៥ អង្សាសេនោះទេ ហើយវាពិតជាបង្កគ្រោះថ្នាក់ ព្រោះជាទូទៅ ពេលយប់គួរតែចុះត្រជាក់ ។
លោកស្រី Monira Galimova អាយុ ៧០ ឆ្នាំ បានប្រាប់ថា «ពួកយើងមិនអាចគេងបានទេនៅពេលយប់ វាជាការលំបាកខ្លាំងណាស់ ជាពិសេស សម្រាប់ក្រុមអាយុច្រើន ដូចពួកយើង» ។
មួយរយៈពេលចុងក្រោយនេះ រលកកម្តៅនៅប្រទេសរុស្ស៊ីបានវាយប្រហារតំបន់មូស្គូ ក៏ដូចជា តំបន់ Kursk ភាគខាងត្បូង និងខាងលិចតំបន់ Belgorod ព្រមទាំង តំបន់ Voronezh ផងដែរ ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត