ប្រធានព្រឹទ្ធសភា ស្វាគមន៍ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅសប្តាហ៍ក្រោយ

ភ្នំពេញ៖ សម្តេចប្រធានព្រឹទ្ធសភា កម្ពុជា ប្រកាសស្វាគមន៍ និងអបអរសាទរដល់ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅសប្តាហ៍ក្រោយ ដែលធ្វើឡើងនៅកម្ពុជា ហើយនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី និងឥស្សរជនកំពូលៗរបស់កម្ពុជាចូលរួម ក្នុងនោះនឹងមានការចូលរួមពីអ្នកវិនិយោគបារាំង វិស័យឯកជនប្រមាណ ២៥០រូបផងដែរ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅ កម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។

ឯកឧត្តមអគ្គរដ្ឋទូត បានជម្រាបជូន អំពីកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំង តាំងពីពេលបង្កើតព្រឹទ្ធសភាកម្ពុជាដំបូងនៅឆ្នាំ១៩៩៩មក។ នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង វិញ គឺត្រូវបានពង្រឹងយ៉ាងជិតស្និទតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជាដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសបារាំងចុងឆ្នាំ២០២២, ព្រះរាជដំណើររបស់ ព្រះមហាក្សត្រ កម្ពុជា ក្នុងឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ទៅទីក្រុងប៉ារីស នៅខែមករា ឆ្នាំ២០២៤។

ឯកឧត្តមអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោ ពីកំណើននៃទំហំសេដ្ឋកិច្ចកម្ពុជា-បារាំង ដែលក្នុងនោះការវិនិយោគ របស់ក្រុមហ៊ុនបារាំងនៅកម្ពុជា ក៏កាន់តែច្រើនឡើងជាលំដាប់ ។ ហើយនៅសប្តាហ៍ក្រោយ ស្ថានទូតបារាំង សហការជាមួយភាគីកម្ពុជា នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលនឹងមានការចូលរួមពីអ្នកវិនិយោគ បារាំង វិស័យ ឯកជន ចំនួន ២៥០ រូប។ សម្តេចធិបតី នាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថា បើកកម្មវិធីវេទិកាធុរកិច្ចនេះ អមជាមួយការធ្វើបទអន្តរាគមន៍ពីរដ្ឋមន្រ្តីចំនួន ៧ រូប នៃរដ្ឋាភិបាលកម្ពុជា ដែលសុទ្ធតែចេះនិយាយភាសាបារាំង ។

ឯកឧត្តមអគ្គរដ្ឋទូត បន្តថា ជំនួយដល់កម្ពុជា តាមរយៈ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានកើនឡើងពី ១០០លានអ៊ឺរ៉ូ ដល់ ២១៥លានអ៊ឺរ៉ូ សម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងផលិតកម្មទឹកស្អាត។ ឯកឧត្តមអគ្គរដ្ឋទូត បានជម្រាបសម្តេចពីបំណងបំពេញទស្សនកិច្ចនៅកម្ពុជា របស់ ឯកឧត្តម Gerard LARCHER ប្រធានព្រឹទ្ធសភាបារាំង នៅចុងឆ្នាំ២០២៤។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-បារាំង ដែលកាន់តែជិតស្និទ្ធ និងរីកចម្រើន។ សម្តេច បានចូលរួមអបអរសាទរ ថ្ងៃបុណ្យជាតិសាធារណរដ្ឋបារាំង ១៤ កក្កដា ខាងមុខនេះ និងបានរម្លឹកពីការសាងសង់ឡើងវិញនូវវិមានរំលឹកគុណយុទ្ធជនខ្មែរ-បារាំងដែលពលីនៅក្នុងសង្គ្រាមលោកលើកទី១ ដែលត្រូវបានសម្តេច សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចតេជោ បានជូនពរប្រទេសបារាំង ទទួលជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី១៩ ក្នុងឆ្នាំ២០២៤នេះ និង អរគុណដែលអញ្ជើញកីឡាករកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការអូឡាំពិកនេះ តាមវិញ្ញាសាដែលបារាំងរៀបចំ។

សម្តេចបានវាយតម្លៃខ្ពស់ចំពោះគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលនឹងធានាដល់ប្រជាជននៅរាជធានីភ្នំពេញ និងតំបន់តាខ្មៅ លែងមានការខ្វះខាតទឹកស្អាតប្រើប្រាស់។

សម្តេចតេជោ ក៏បានរំលឹកពី ការបង្កើតស្ថាប័នព្រឹទ្ធសភាកម្ពុជា នៅឆ្នាំ១៩៩៩ ដែលជា តម្រូវការចាំបាច់សម្រាប់ប្រទេសជាតិ និងជាការបន្តអនុវត្តប្រព័ន្ធសភាពីរថ្នាក់នេះពីសម័យមុន ។ នៅក្នុងនីតិកាលទី៥នៃព្រឹទ្ធសភា សម្តេច បានដាក់ចេញនូវអាទិភាព សំខាន់ចំនួនពីរ គឺការទូតសភា ដោយសារតែស្ថានភាពពិភពលោកវិវត្តលឿនរហ័ស ពិបាកប៉ាន់ស្មាន ដែលទាមទារឱ្យកម្ពុជា ត្រូវវិភាគវាយតម្លៃសភាពការណ៍ឱ្យបានត្រឹមត្រូវ ចៀសវាងក្លាយជាប្រទេសគោលដៅក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយពីប្រទេសមហាអំណាច។ រីឯ អាទិភាពទី២ គឺគណនេយ្យភាពរបស់ព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត ដោយ សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវតែចុះជាប់ជាមួយនឹងអង្គបោះឆ្នោត ។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋបារាំង ដែលគាំទ្របេក្ខភាពកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅឆ្នាំ២០២៦ ។ សម្តេចប្រធាន បានផ្តល់យោបល់ដល់ស្ថានទូតបារាំង ពិភាក្សាជាមួយដៃគូនិងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកការបង្រៀនភាសាបារាំងនៅកម្ពុជា ពីព្រោះថាតម្រូវការរៀនភាសាបារាំងនេះ នឹងមិនថមថយនោះទេ ។

សម្តេចតេជោ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តម Roland Dumas ដោយបានចាត់ទុក ឯកឧត្តម Roland Dumas ជាអ្នកមានគុណម្នាក់ចំពោះកម្ពុជា ដែលបានជួយក្នុងកិច្ចចរចានានាជាបន្តបន្ទាប់ និងក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេចតេជោបានរំលឹកនូវអនុស្សាវរីយ៍ និងទំនាក់ទំនងការងារជាច្រើនដែលឯកឧត្តម Roland Dumas បានធ្វើ ដើម្បីសន្តិភាពនៅក្នុងប្រទេសកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner