ហាងឆេងមាសពិភពលោកឡើងចុះតិចតួច តែអាចហក់ខ្ពស់នៅចុងឆ្នាំ
បរទេស៖ ហាងឆេងមាសពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះមានការប្រែប្រួលតិចតួច ដោយសារតែវិនិយោគិនកំពុង រង់ចាំអ៊ុតលទ្ធផលនៃកិច្ចប្រជុំគោលនយោបាយចុងក្រោយ របស់ធនាគារកណ្តាលអាមេរិក ថាតើអាច ដាក់ចេញគោលការណ៍ណែនាំថ្មីៗ ជុំវិញរឿងកាត់បន្ថយអត្រាការប្រាក់ឬយ៉ាងណា ។
យោងតាមការចេញផ្សាយរបស់ Reuters ហាងឆេងមាសរបស់ Spot Gold បានកើនឡើង ១.៤ ភាគរយ លក់ក្នុងតម្លៃ ២,៣៥៨ ដុល្លារក្នុងមួយតម្លឹង ។ ចំណែកតម្លៃមាសអាមេរិកបានធ្លាក់ចុះ ០.៩ ភាគរយ លក់ក្នុងតម្លៃ ២,៣៦៩ ដុល្លារក្នុងមួយតម្លឹង ។
លោក Edward Meir អ្នកវិភាគប្រចាំនៅក្រុមហ៊ុនហិរញ្ញវត្ថុ Marex ដែលមានមូលដ្ឋាននៅ ចក្រភព អង់គ្លេស បានអះអាងថា តម្លៃមាសបច្ចុប្បន្នមិនទាន់ឡើងចុះខ្ពស់ដល់កម្រិតនៅឡើយទេ ។ ប៉ុន្តែវាអាចហក់ឡើងខ្ពស់នៅចុងឆ្នាំនេះ ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក ។
ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បាននិយាយ អ្នកបង្កើតគោលនយោបាយ ត្រូវការទិន្នន័យបន្ថែមទៀត មុនពេលកាត់បន្ថយអត្រាការប្រាក់ ដូចជាការផ្ទៀងផ្ទាត់ លើអតិផរណា នៅអាមេរិក ជាដើម។
ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាល ជាឱកាសធ្វើឲ្យតម្លៃមាសឡើងថ្លៃ ដោយសារការសម្រុកទិញរបស់អ្នកវិនិយោគ និងបណ្តាប្រទេសនានា ៕
ប្រែសម្រួល៖ សារ៉ាត