រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកទឹកចិត្តនិងជំរុញជនគ្រោះដោយគ្រឿងញៀនរៀនជំនាញវិជ្ជាជីវៈដើម្បីកសាងជីវិតថ្មី
បាត់ដំបង៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់ជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ដែលបានមកបន្សាបព្យាបាលស្ដារនីតិសម្បទាឡើងវិញដោយជោគជ័យ និង បានបញ្ចប់ការសិក្សា។លោកថា នៅពេលត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារវិញត្រូវខិតខំយកចំណេះជំនាញដែលបានសិក្សាទៅចាប់ផ្ដើមជីវិតថ្មីក្នុងការបង្កើតឬប្រកបមុខរបរចិញ្ចឹមជីវិតឱ្យបានប្រសើរឡើង។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-បុគ្គលិកនិងជនរងគ្រោះដោយសារគ្រឿងញៀនក្នុងពិធីវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកទ្រឹស្ដីនិងអនុវត្តផ្ទាល់ដល់អ្នកញៀនគ្រឿងញៀនលើកទី៤ នៅក្នុងមជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន កាលពីថ្ងៃទី៤ ខែកក្កដា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលរួមអបអរសាទរជាមួយជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ដែលបានមកបន្សាបព្យាបាលស្ដារនីតិសម្បទាឡើងវិញដោយជោគជ័យ ជាមួយនឹងការបញ្ចប់ការសិក្សាលើមុខវិជ្ជាជីវៈ។ឯកឧត្តមបន្តដោយលើកទឹកចិត្តផង និងជំរុញផងដល់ជនបន្សាបគ្រឿងញៀនដោយជោគជ័យទាំងអស់ត្រូវខិតខំយកចំណេះជំនាញដែលបានសិក្សាទៅចាប់ផ្ដើមជីវិតថ្មីក្នុងការបង្កើតឬប្រកបមុខរបរចិញ្ចឹមជីវិតចិញ្ចឹមគ្រួសារឱ្យមានជីវភាពប្រសើរឡើង។ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវបង្កលក្ខណៈឱ្យខ្លួនឯង ក្លាយទៅជាមនុស្សថ្មីក្នុងសង្គម តាមរយៈ ការគោរពច្បាប់ ហើយក៏ត្រូវចៀសឲ្យឆ្ងាយនិងឆ្លើយថាទេចំពោះគ្រឿងញៀន។
ទន្ទឹមនេះឯកឧត្តម ស សុខា ក៏បានណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរឹតបន្តឹង,ត្រូវពង្រឹងការបង្រ្កាបនិងទប់ស្កាត់រាល់ការប្រើប្រាស់ជួញដូរគ្រឿងញៀន និងត្រូវបន្តអនុវត្តន៍នូវបទបញ្ជាលេខ ០១របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី៖ការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
តំណាងជនរងគ្រោះដោយសារគ្រឿងញៀន បានប្ដេជ្ញាចិត្តនឹងខិតខំកែប្រែខ្លួនពួកគេម្នាក់ៗឱ្យក្លាយទៅជាកូនល្អ ពលរដ្ឋល្អ និងខិតខំប្រកបការងារចិញ្ចឹមជីវិតតាមជំនាញវិជ្ជាជីវៈដែលខ្លួនបានសិក្សារៀនសូត្រនិងបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលកន្លងមក។
មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។លោកវេជ្ជបណ្ឌិត កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បានឱ្យដឹងថា ចាប់តាំងពីបើកដំណើរការ ក្នុងឆ្នាំ២០២២ រហូតមកដល់ពេលនេះមជ្ឈមណ្ឌលបានទទួលអ្នកញៀនគ្រឿងញៀន សរុប១ ១១៥នាក់ និងបានបញ្ជូនទៅធ្វើសមាហរណកម្មនៅក្នុងគ្រួសារវិញជាង៧០០នាក់ និងកំពុងបន្សាបព្យាបាលស្ដារនីតិសម្បទាជាង៤០០នាក់ ។
លោកបន្តថា ក្រោយពីបញ្ចប់ការបន្សាបព្យាបាលជនរងគ្រោះបានចូលរៀនបំណិនជីវិត រៀនជំនាញវិជ្ជាជីវៈផ្សេងៗដូចជា ជួសជុលរថយន្ត ម៉ាស៊ីនត្រជាក់ ធ្វើតុ ទូ ជាងភ្លើង ទូរសព្ទ កាត់សក់ ការដាំដុះ និងកុំព្យូទ័រជាដើម៕
( អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប )