ពស់ថ្លាន់លេបស្ត្រីម្នាក់ទាំងមូល នៅឥណ្ឌូនេស៊ី

ហ្សាកាតា៖ ប៉ូលិសបាននិយាយថា ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងពោះ របស់សត្វពស់ថ្លាន់មួយក្បាល បន្ទាប់ពីវាបានលេបនាងទាំងមូល នៅខេត្ត Sulawesi ប្រទេសឥណ្ឌូនេស៊ី។ នេះគឺជាករណីពស់ថ្លាន់ លេបមនុស្សស្លាប់ ទី២ នៅក្នុងខេត្តមួយនេះ អំឡុងរយៈពេល១ខែ។

កាលពីថ្ងៃពុធ ប៉ូលីសបានរៀបរាប់ថា នាង Siriati អាយុ ៣៦ ឆ្នាំបានបាត់ខ្លួន បន្ទាប់ពីចេញពីផ្ទះ ទៅទិញថ្នាំឱ្យកូនឈឺ។ បាត់យូរពេក សាច់ញាតិក៏ចាប់ផ្តើមស្វែងរក ហើយប្តី វ័យ៣០ឆ្នាំ បានរកឃើញស្បែកជើង និងខោរបស់នាង នៅលើដី ចម្ងាយប្រហែល៥០០ម៉ែត្រ ពីផ្ទះ នៅក្នុងភូមិ Siteba ហើយភ្លាមៗ ក៏ប្រទះឃើញពស់ថ្លាន់ មានពោះធំខ្លាំង មួយក្បាល នៅចម្ងាយប្រហែល១០ ម៉ែត្រ ពីផ្លូវ។ នៅពេលនោះ អាជ្ញាធរសង្ស័យ ក៏បានសហការជាមួយអ្នកភូមិ វះកាត់ពោះវា ក៏បានរកឃើញសពនាង។

គួរបញ្ជាក់ថា ឧប្បត្តិហេតុពស់លេបមនុស្ស ត្រូវបានចាត់ទុកថា ជាហេតុការណ៍កម្រណាស់ ប៉ុន្តែ មនុស្សជាច្រើននាក់ ត្រូវបានលេបដោយពស់ថ្លាន់ នៅឥណ្ឌូនេស៊ី ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ។ កាលពីខែមុន ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងពោះពស់ថ្លាន់ នៅក្នុងស្រុកមួយទៀត នៃខេត្ត Sulawesi ។ កាលពីឆ្នាំមុន ក្នុងខេត្តមួយនេះដូចគ្នា អ្នកស្រុកបានសម្លាប់ពស់ថ្លាន់ប្រវែង ៨ម៉ែត្រ ដែលត្រូវបានគេប្រទះឃើញ កំពុងរឹតកនិងចង់លេបកសិករម្នាក់ ក្នុងភូមិ។ កាលពីឆ្នាំ២០១៨ ស្ត្រីម្នាក់ ត្រូវបានពោះថ្លាន់លេបស្លាប់ នៅក្នុងទីក្រុង Muna នៃភាគអាគ្នេយ៍ខេត្ត Sulawesi ។ កាលពីឆ្នាំមុន កសិករម្នាក់នៅខេត្ត West Sulawesi ត្រូវបានពស់ថ្លាន់ប្រវែង៤ម៉ែត្រ លេបស្លាប់ នៅឯចំការដូងប្រេង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner