ធនាគារកណ្តាលថៃមិនព្រមកាត់បន្ថយអត្រាការប្រាក់ ទោះបីសេដ្ឋកិច្ចងើបយឺត

បាងកក៖ ភាពជាប់គាំងជាច្រើនខែរវាងរដ្ឋាភិបាល និងធនាគារកណ្តាល ជុំវិញបញ្ហាអត្រាការប្រាក់ បានធ្វើឱ្យនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ចេញមុខអំពាវនាវឱ្យកាត់បន្ថយអត្រាការប្រាក់ ដើម្បីចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញ។

ទោះបីជាមានសម្ពាធក្នុងការបន្ធូរបន្ថយគោលនយោបាយក៏ដោយ ធនាគារកណ្តាលថៃនៅតែប្រកាន់ជំហរបន្តរក្សាអត្រាការប្រាក់ក្នុងកម្រិត ២.៥០ភាគរយកាលពីខែមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងពេលជាងមួយទសវត្សរ៍ ដោយនិយាយថា កម្រិតនេះគឺស្របជាមួយនឹងសេដ្ឋកិច្ច និងអតិផរណា។

ទេសាភិបាលធនាគារថៃ លោក Sethaput Suthiwartnaruput បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទោះបីសេដ្ឋកិច្ចថៃស្ទុះងើបឡើងវិញយឺត ហើយកំណើនមិនទាន់ឈានដល់សក្ដានុពលនៅឡើយក៏ដោយ បច្ចុប្បន្នមិនចាំបាច់កាត់បន្ថយអត្រាការប្រាក់នោះទេ។ លោក Sethaput បានប្រាប់សន្និសីទសារព័ត៌មានថា អត្រាការប្រាក់បច្ចុប្បន្ននៅតែសមរម្យ សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ និងរក្សាអតិផរណាឱ្យស្ថិតក្នុងគោលដៅ។

សេដ្ឋកិច្ចថៃហាក់ល្អប្រសើរជាងការរំពឹងទុក នៅត្រឹម ១.៥ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ប៉ុន្តែបានធ្លាក់ចុះបន្តិច បើធៀបនឹងត្រីមាសមុន មានចំនួន ១.៧ភាគរយ។ កាលពីសប្តាហ៍មុន ធនាគារកណ្តាលថៃក៏បានអះអាងដែរថា សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាសក្តានុពលរបស់ខ្លួននៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥។

រីឯអត្រាអតិផរណាប្រចាំឆ្នាំ គឺ ០.១៣ភាគរយ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៤នេះ ប៉ុន្តែធនាគារកណ្តាលថៃបានព្យាករណ៍ថា អតិផរណាជាមធ្យម ០.៦ភាគរយនៅឆ្នាំ ២០២៤ និង ១.៣ភាគរយនៅឆ្នាំ ២០២៥៕

ប្រភព÷ បាងកកប៉ុស្តិ៍ ប្រែសម្រួលដោយ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner