អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ប្រាប់កម្លាំងសណ្តាប់ធ្នាប់ថា ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងសុីសង

(ភ្នំពេញ)៖ សូមសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ដែលកន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។

ខាងលើនេះជាការលើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងចែកអំណោយ ជាអង្ករ និងថវិការដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ៥០នាក់ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណសាលាខណ្ឌ ។

លោកអភិបាលខណ្ឌ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវពាក្យថា ( ៣ កុំ ) ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៍ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែមិនទន់ជ្រាយត្រូវតែម៉ឺងម៉ាត់ ។

លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យពក្យ ( ៣ កុំ ) ដូច្នេះថា ទី១-កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ ,ទី២-កុំពាក់ព័ន្ធឬសេពគ្រឿងញៀន ,ទី៣-កុំឈ្លោះទាស់ទែងគ្នា ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) ឱ្យបានបើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព ។ ចំណុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាឱ្យបាន នូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងេងច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈតែងតែមានការប៉ះទង្គិចជាមួយមហាជន ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានដាក់ផែនការឱ្យកម្លាំងសណ្តាប់ខណ្ឌទាំងអស់ត្រូវចុះល្បាតជាប្រចាំតាមគោលដៅនានាដែលជាទីតាំងងាយរងគ្រោះដោយក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា តំបន់ស្មុគ្រស្មាញ និងទីតាំងដែលសំបូរបន្ទប់ជួល ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner