BYD ចាយ ៤៨៦លានដុល្លារ បើករោងចក្រផលិតឡានអគ្គិសនីដំបូងនៅថៃ

បាងកក៖ ក្រុមហ៊ុនចិន BYD បានចាយទុនរហូតដល់ ៤៨៦លានដុល្លារ បើករោងចក្រផលិតឡានអគ្គិសនីដំបូងបង្អស់នៅក្នុងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជាទីផ្សារលក់ធ្លាក់ចុះក៏ដោយ។

យោងតាមក្រុមហ៊ុនដែលគ្រប់គ្រងទីផ្សារក្នុងស្រុករបស់ខ្លួន បានឱ្យដឹងថា រោងចក្រនៅទីក្រុងRayong ដែលជាតំបន់ឧស្សាហកម្មភាគអាគ្នេយ៍នៃរដ្ឋធានីបាងកក នឹងអាចផលិតឡានអគ្គិសនីបានរហូតដល់ ១៥០,០០០គ្រឿងក្នុងមួយឆ្នាំ។

លោក Wang Chuanfu នាយកប្រតិបត្តិនៃក្រុមហ៊ុន BYD ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បាននិយាយថា ផលិតកម្មដំបូងនឹងផ្តោតលើឡានអគ្គិសនីទាំងស្រុង ហើយក្រោយមក នឹងបន្តពង្រីកទៅផលិតឡានកូនកាត់ Plug-in Hybrid ដែលរួមបញ្ចូលគ្នានូវម៉ាស៊ីនធម្មតាជាមួយនឹងម៉ូទ័រអេឡិចត្រិច។

លោក Wang បន្ថែមថា រោងចក្រ BYD Thailand នឹងជួយបង្កើតការងារដល់បុគលិកប្រហែល ១០,០០០នាក់។ ការវិនិយោគនេះកើតឡើងនៅពេលដែលប្រទេសថៃ កំពុងស្វែងរកការផ្លាស់ប្តូរវិស័យយានយន្តរបស់ខ្លួន ឱ្យឆ្ងាយពីប្រភេទធម្មតា និងឆ្ពោះទៅរកការផលិតឡានអគ្គិសនី។

BYD បានវ៉ាដាច់ Tesla របស់លោក Elon Musk នៅត្រីមាសទី៤ ឆ្នាំ ២០២៣ ក្លាយជាក្រុមហ៊ុនលក់ឡានអគ្គិសនីកំពូលរបស់ពិភពលោក។ ប៉ុន្តែ Tesla ដណ្តើមបានតំណែងកំពូលមកវិញ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤នេះ។ ប៉ុន្តែ BYD នៅតែមានសុទិដ្ឋិនិយមចំពោះការពង្រីករោងចក្ររបស់ខ្លួន ដោយបានអះអាងកាលពីខែមុនថា ខ្លួននឹងបន្តទៅមុខជាមួយនឹងរោងចក្រទីពីរនៅក្នុងសហភាពអឺរ៉ុប។

ប្រទេសចិនបានដឹកនាំការផ្លាស់ប្តូរយានជំនិះជាសកលទៅកាន់ឡានអគ្គិសនី ដោយរថយន្តស្ទើរតែមួយ ក្នុងចំនោមរថយន្តចំនួន ៣គ្រឿងនៅលើផ្លូវរបស់ខ្លួន ត្រូវបានកំណត់ថា ជាឡានអគ្គិសនីនៅឆ្នាំ ២០៣០ នេះបើយោងតាមរបាយការណ៍ពី Global EV Outlook ប្រចាំឆ្នាំរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

China’s BYD opens EV plant in Thailand despite slowdown, tariff row

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner