ទូកទេសចរណ៍ថ្មី ជិះកាត់ អ៊ីតាលី ក្រិក និង ប៉ារីស

ប៉ារីស៖ ក្រុមហ៊ុន Uber បានបើកដំណើរការទូកទេសចរណ៍ចំនួន ៣ ប្រភេទសម្រាប់ដឹកអ្នកដំណើរទៅកាន់ទីក្រុងអឺរ៉ុបដូចជា ទីក្រុង Venice ប្រទេសអ៊ីតាលី, ទីក្រុង Athens ប្រទេសក្រិក, ទីក្រុង Paris ប្រទេសបារាំង ក៏ដូចជាកោះ Corfu, កោះ Santorini និងកោះ Ibiza ជាដើម ។

ដើម្បីទទួលយកបទពិសោធន៍ថ្មីនេះ អ្នកទេសចរអាចប្រើប្រាស់កម្មវិធី Uber ដើម្បីកក់ទូកទេសចរណ៍ធ្វើដំណើរទៅកាន់គោលដៅដ៏ស្រស់ស្អាតរបស់អឺរ៉ុប ។
ក្នុងខែកក្កដានេះ ទូកទេសចរណ៍ Uber Boat នៅប្រទេសក្រិក នឹងពង្រីកពីទីក្រុង Mykonos ទៅទីក្រុង Athens ព្រមទាំងកោះ Corfu និង Santorini ។ រីឯអ្នកដែលមកលេងទីក្រុងប៉ារីស ក្នុងរដូវក្ដៅនេះ នឹងអាចជិះទូកអគ្គិសនីUber Cruise ដែលជាសេវាកម្មផ្តល់ដំណើរកម្សាន្តឯកជនរយៈពេលមួយម៉ោងដោយឥតគិតថ្លៃតាមដងទន្លេ Seine ។

ចំណែកទូកទេសចរណ៍ Uber Yacht នឹងបន្ថែមគោលដៅដឹកភ្ញៀវទៅកាន់ច្រាំងនៃកោះ Ibiza របស់ប្រទេសអេស្ប៉ាញ នៅក្នុងខែសីហាខាងមុខ ជាមួយនឹងកញ្ចប់តម្លៃសមរម្យ ។
ក្រុមហ៊ុន Uber បាននិយាយថា រាល់ការធ្វើដំណើរតាមទូកទេសចរណ៍របស់ក្រុមហ៊ុននឹងធានាថា អ្នកទេសចរមិនត្រឹមតែអាចបញ្ចៀសការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសប្បាយរីករាយជាមួយនឹងការជិះទូកគយគន់ទេសភាពដ៏ស្រស់ស្អាតតាមផ្លូវសមុទ្រផងដែរ ។

ក្រុមហ៊ុនផ្តល់សេវាតាក់ស៊ី Uber របស់អាមេរិក បានរាយការណ៍ពីការទទួលបានប្រាក់ចំណូលសុទ្ធចំនួន ១.៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ បន្ទាប់ពីបានខាតបង់រហូតដល់ ៩.១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២៕
ប្រភព៖ economymiddleeast ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner