សត្វ ស្វិតទេចៅ ដែលទាក់ទងក្នុងរឿងព្រេងនិទានខ្មែរ កំពុងមានវត្តមាន នៅបឹងព្រែកល្ពៅ
(ភ្នំពេញ)៖ សត្វស្វិតទេចៅ ឬភាសា អង់គ្លេស/ ហៅថា”Common lora” ជាប្រភេទសត្វក្នុងរឿងព្រេងនិទានខ្មែរ ដែលតំណាលពីដូនចាស់ម្នាក់នៅទីដាច់ ស្រយាល រស់នៅជាមួយចៅប្រុសម្នាក់។ថ្ងៃមួយចៅប្រុសបានទិញសាច់គោមក ឱ្យយាយដើម្បីប្រឡាក់យកទៅអាំង។ នៅពេលអាំងរួចរាល់សាច់គោ នេះស្វិត រួមតូច ធ្វើឱ្យចៅប្រុសកើតក្តីសៅហ្មងចោទថាជីដូនរបស់ខ្លួនលួចបរិភោគ សាច់គោនោះ ។ ចៅប្រុសខឹងក្រេវក្រោធក៏បានវាយសម្លាប់ដូន ចាស់បាត់បង់ជីវិតទៅ។ ក្រោយមកដូនចាស់បានចាប់ជាតិជាសត្វចាបដូនតា តែងមកស្រែកយំក្បែរផ្ទះរបស់គាត់ដោយមានសំនៀងថា”ស្វិតទេចៅៗ”រហូតចាបនេះគេបានដាក់ឈ្មោះថា សត្វស្វិតទេចៅ រហូតមកដល់បច្ចុប្បន្ន ។
ទាក់ទិនក្នុងរឿងនេះដែរ លោក ឈឿន សុជាតិ ជាមន្រ្តី ឧទ្យានុរក្ស និង ជាអ្នក ថតរូបសត្វស្លាបប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ បាន ប្រាប់ AMSថា ៖ ចំនួនរបស់សត្វស្វិតទេចៅ មិនច្រើនទេ ។ វារស់នៅទីទៃផ្សេងៗគ្នា ហើយច្រើនមានវត្តមានក្នុង កំឡុងខែកុម្ភៈដល់ខែសីហា ។
លោកបានបញ្ជាក់ប្រាប់ដែរថា”សត្វនេះធ្វើសម្បុកនៅលើមែកឈើ សម្បុកមានទម្រង់ជារង្វង់ អាចមានពងពី២ទៅ៣គ្រប់ ហើយចំណីរបស់វាមាន កូនកណ្តូប ដង្កូវ ជាដើម”។
គួរបញ្ជាក់ថាបើយោងតាមសៀវភៅសត្វស្លាបកម្ពុជាបានឱ្យដឹងថាសត្វស្វិតទេចៅជាប្រភេទសត្វរងគ្រោះតិចតួច ជាទូទៅសត្វស្លាបប្រភេទនេះមានកម្ពស់ប្រមាណជា១២-១៤,៥ ស.ម ។ រដូវបន្តពូជឈ្មោលមានពណ៌លឿងចាំងនៅផ្នែកក្បាល និងផ្នែកខាងក្រោម ចំណែកឯផ្នែកខាងលើពណ៌បៃតងចាស់ កន្ទុយនឹងស្លាបពណ៌ខ្មៅ ហើយមានឆ្នូតពីរពណ៌ គឺសលាយលឿងស្រាលនៅលើស្លាប។
រដូវបន្តពូជញីស្រដៀងនិងសត្វឈ្មោលដែរ ប៉ុន្តែផ្នែកខាងលើមានពណ៌បៃតងស្រាលជាង ផ្នែកកន្ទុយមានពណ៌បៃតង ចំណែកផ្នែកស្លាបមានពណ៌ប្រផេះជាង ហើយមានឆ្នូតមិនសូវច្បាស់ ផ្នែកពោះមានពណ៌លឿងស្រាល។ ទីជម្រកនៅតាមតំបន់ឆ្នេរ ព្រៃល្បោះ ព្រៃលិចទឹក ព្រៃដំណុះថ្មី និងនៅតាមតំបន់កសិកម្ម។ វាមានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជា សំរាប់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ពួកវាបង្ហាញវត្តមានកំឡុងខែកុម្ភៈ រហូតដល់ខែសីហា។ រដូវបន្តពូជ:ចាប់ពីខែមករាដល់ខែកក្តដា។
យោងតាមរបាយការណ៍របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងកន្លងមកថា ចាប់តាំងពី ឆ្នាំ ២០២១-២០២៣ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវបានកត់ត្រាថាមានសត្វស្លាបចំនួន ១៣២ប្រភេទ នៅក្នុងតំបន់ការពារនេះ ក្នុងនោះរួមមាន សត្វស្លាបកម្រចំនួន ២ ប្រភេទ ជាប្រភេទសត្វជិតផុតពូជ ២ប្រភេទរងគ្រោះថ្នាក់ ២ប្រភេទ ជាសត្វស្លាបងាយរងគ្រោះ និង ៧ប្រភេទ ជាសត្វស្លាបរងការគំរាមកំហែង ហើយនិង ១១៩ ប្រភេទទៀត ជាប្រភេទសត្វដែលរងការគំរាមកំហែងតិចតួច ៕
ដោយ ៖ ម៉ាដេប៉ូ