ឯកឧត្តម ឯក សំអុល ៖ ពិព័រណ៍ស្នាដៃគំនូរបុរាណចិនបង្កើនស្នាមញញឹមដល់ប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ក្រោមកិច្ចគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថានទូតចិនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន មានរៀបចំពិធីពិព័រណ៍ស្នាដៃគំនូរបុរាណចិន។

លោក ភីង ស៊ាវតុង (Ping Xiaodong) ប្រធានមជ្ឈមណ្ឌលប៉េកាំងសម្រាប់ការសិក្សាស្រាវជ្រាវវប្បធម៌ និងប្រវត្តិសាស្រ្តចិន បានថ្លែងថា មជ្ឈមណ្ឌលដែលមានកិច្ចសហការជាមួយសមាគមមិត្តភាពប៉េកាំងជាមួយបរទេសបាននាំយកនូវគំនូរចំនួន៣៦ផ្ទាំងមកតាំងពិព៍រណ៍នៅកម្ពុជា ហើយនេះជាលើកទី៣នៃការរៀបចំពិព័រណ៍ក្នុងគោលបំណងសំខាន់ដើម្បីពង្រឹងការតភ្ជាប់កាន់តែស៊ីជម្រៅរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ។

លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងពីកិច្ចគាំទ្ររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងបញ្ជាក់ពីគុណតម្លៃនៃគំនូរបុរាណចិនដែលជាផ្នែកមួយនៃសិល្បៈ ហើយលោកស្រីក៏បានរំលេចពីថ្នាក់រៀនភាសាចិនប្រចាំនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាស្ពានដ៏ប្រសើរនៃទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរផងដែរ។

លោក ឈិន ឆុង (Chen Chong) អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានកត់សម្គាល់ថា ពិព័រណ៍គំនូរទាំង៣៦ផ្ទាំងនេះជាការរំលេចពីវិចិត្រភាពរបស់វិចិត្រករល្បីឈ្មោះរបស់ប្រទេសចិន ហើយក៏ជាការពង្រីកបន្ថែមនូវការយល់ដឹងកាន់តែស៊ីជម្រៅពីសិល្បៈអក្សរជក់និងរូបគំនូរចិនមានប្រវត្តិយូរអង្វែង គឺជាដួងព្រលឹងនៃវប្បធម៌សិល្បៈពិភពលោក។ កម្មវិធីពិព័រណ៌សិល្បៈនាថ្ងៃនេះ សមាគមមិត្តភាពរវាងប្រជាជនប៉េកាំងនិងបរទេស និងមន្ទីរស្រាវជ្រាវវប្បធម៌ប្រវត្តិសាស្រ្តរដ្ឋធានីប៉េកាំង បានជ្រើសរើសយ៉ាងយកចិត្តទុកដាក់នូវរូបគំនូរចំនួន៣៦ផ្ទាំង គឺជាឱកាសសម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងយល់ពីភាពទាក់ទាញដ៏ពិសេសនៃវប្បធម៌ប្រពៃណីចិនដ៏ល្អឯក។ កម្ពុជាក៏មានសិល្បៈបុរាណដែលមានអាយុកាលយូរអង្វែង គំនូរ ចម្លាក់ របាំជាដើម សុទ្ធតែល្បីល្បាញទូទាំងពិភពលោក ក៏ទទួលបានការគាំទ្រនិងស្រឡាញ់ពីប្រជាជនចិនផងដែរ។

ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា ប្រជាជាតិខ្មែរក៏មានមនោសញ្ចេតនាចំពោះគំនូរដូចប្រជាជាតិចិនផងដែរ ហេតុនេះទើបបានជាពិព័រណ៍គំនូរចិននេះ បានទាក់ទាញប្រជាជនកម្ពុជាដែលជាពិសេសយុវជនបានមកចូលទស្សនាយ៉ាងកោះករ ហើយរំលេចនូវស្នាមញញឹមផ្តល់គុណតម្លៃយ៉ាងសំខាន់ដល់វិចិត្រករជនជាតិចិន។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា អគារស្នាក់ការរបស់សមាគមមិត្តភាពកម្ពុជា-ចិនគឺជាផ្ទះរួមរបស់ប្រជាជាតិនៃប្រទេសយើងទាំងពីរក្នុងការរៀនសូត្រ និងចែករំលែកឱ្យគ្នាទៅវិញទៅមក ដោយជាពិសេសលើវិស័យវប្បធម៌និងអរិយធម៌នេះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner