ប្រេស៊ីល៖ ឡានក្រុងទេសចរណ៍បុកបង្គោល ស្លាប់មនុស្ស១០នាក់

បរទេស៖ ក្រុមមន្ត្រីប្រេស៊ីលបាននិយាយថា មនុស្ស១០នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រថយន្តក្រុងទេសចរណ៍មួយគ្រឿង បានជ្រុលទៅបុកបង្គោលផ្លូវហាយវេ នៅក្នុងរដ្ឋ Sao Paulo ភាគអាគ្នេយ៍ នៃប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ។

មន្ត្រីនៃលេខាធិការដ្ឋានសន្តិសុខសាធារណៈ ហៅកាត់ SSP ប្រចាំទីក្រុង Sao Paulo បានប្រាប់ AFP ថា «មានជនរងគ្រោះសរុប មានចំនួន៥២នាក់ ដែលក្នុងនោះ ១០នាក់បានស្លាប់ នៅកន្លែងកើតហេតុ»។ អ្នករងរបួសត្រូវបានក្រុមសង្គោះ និងអ្នកពន្លត់អគ្គិភ័យ សង្គ្រោះដោយទាញចេញពីឡានក្រុង ហើយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្នុងនោះ មានមនុស្ស ៥នាក់រងរបួសធ្ងន់។

របាយការណ៍ស្តីពីគ្រោះថ្នាក់ ដែលស្រង់ដោយនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋ បាននិយាយថា អ្នកបើកបររថយន្តក្រុងទេសចរណ៍ បានរាយការណ៍ពីបញ្ហាមេកានិច ដែលបណ្តាលឱ្យរូបគេ បាត់បង់ការគ្រប់គ្រង លើឡានក្រុង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner