ឥណ្ឌូណេស៊ីរកឃើញគំនូរចាស់បំផុត អាយុកាល ៥ ម៉ឺនឆ្នាំ

បរទេស៖ គំនូរចាស់បំផុតលើលោក អាយុកាលជាង ៥ ម៉ឺនឆ្នាំរំលេចពីរូបភាពមនុស្ស ៣ នាក់នៅជុំវិញសត្វជ្រូកក្រហមដ៏ធំមួយក្បាលត្រូវបានប្រទះឃើញ នៅរូងភ្នំមួយកន្លែង លើកោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី។

អ្នកបុរាណវិទ្យា លោក Adam Brumm បានប្រាប់ AFP ថា ការរកឃើញនេះគឺជាផ្នែកមួយ បញ្ជាក់ពីប្រវត្តិដ៏ចំណាស់របស់មនុស្សដែលយើងមិននឹកស្មានដល់ ។ នេះគឺជាព៏ស្តុតាង នៃស្នាដៃសិល្បៈនិទានរឿង ដែលល្បីបំផុត នៅក្នុងប្រទេសឥណ្ឌូណេស៊ី។

ប្រភពបានបន្ថែមថា ការរកឃើញចុងក្រោយបំផុត មានការប្រើបច្ចេកទេសឡាស៊ែរ សម្គាល់ពីអាយុកាលនៃធម្មជាតិ មុនពេលកំណត់ថា សិល្បៈគំនូរនេះ មានអាយុកាល លើសពី ៥ ម៉ឺន ១ ពាន់ឆ្នាំ ។

ក្រុមអ្នកបុរាណវិទ្យា បានប៉ាន់ស្មានថា គំនូរមួយនេះ ទំនងជាត្រូវបានគូសដោយក្រុមមនុស្ស ដែលបានធ្វើដំណើរឆ្លងកាត់អាស៊ីអាគ្នេយ៍ មុនពេលមកដល់ប្រទេសអូស្ត្រាលី ប្រហែល ៦៥,០០០ ឆ្នាំមុន ។ ប៉ុន្តែគេមិនដឹងច្បាស់ពីសកម្មភាពរវាងមនុស្ស និងសត្វជ្រូក ក្នុងផ្ទាំងគំនូរនោះទេ ។

ជាមួយគ្នានេះ លោក Chris Stringer អ្នកជំនាញនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិទីក្រុងឡុងដ៍ បាននិយាយថា កាលបរិច្ឆេទនៃគំនូរមួយនេះ ហាក់មិនគួរឲ្យជឿ ព្រោះវាចាស់ជាងគំនូរ ដែលត្រូវបានគេរកឃើញនៅកន្លែងផ្សេងទៀត រួមទាំងនៅអឺរ៉ុបផងដែរ ។ យ៉ាងណាលោកបញ្ជាក់ថា ចាំបាច់ត្រូវបញ្ជាក់ ពីពេលវេលាជាក់លាក់បន្ថែមទៀត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner