ប៉ាគីស្ថានប្លុកស៊ីមកាតទូរស័ព្ទ អ្នកមិនបង់ពន្ធ

បរទេស៖ អាជ្ញាធរពន្ធដាររបស់ប្រទេសប៉ាគីស្ថានបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបិទស៊ីមកាតចំនួន ២១ម៉ឺនស៊ីម របស់អ្នកប្រើប្រាស់ ដែលមិនបានបង់ពន្ធ លើប្រាក់ចំណូលរបស់ខ្លួន។

ក្នុងចំណោមប្រជាជនប៉ាគីស្ថានសរុប ជាង២៤០លាននាក់ មានតែ៥លាន២សែននាក់ប៉ុណ្ណោះ ដែលបានដាក់ពាក្យ បង់ពន្ធលើប្រាក់ចំណូល ក្នុងឆ្នាំ២០២២ នេះបើតាមក្រុមប្រឹក្សាភិបាលសហព័ន្ធ នៃប្រាក់ចំណូល ហៅកាត់ FBR។

កាលពីខែមេសា FBR បានអនុម័តសេចក្តីប្រកាសមួយ បញ្ជូនរាល់ការបញ្ជាទិញស៊ីមកាត ទៅអាជ្ញាធរទូរគមនាគមន៍ ដើម្បីបិទការតភ្ជាប់នៃស៊ីមកាតទាំងនោះ។ ក្រោយដាក់ចេញវិធានការនេះ ម្ចាស់ស៊ីមកាត់ ជាង៦ម៉ឺននាក់បានបង់ពន្ធវិញ នេះបើតាមទិន្នន័យរបស់FBR។

ប៉ាគីស្ថានមានអ្នកប្រើប្រាស់ទូរសព្ទដៃ ច្រើនជាង១៩៣លាននាក់ ហើយក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ធំៗ មានចំនួន៤ នេះបើយោងតាមអាជ្ញាធរទូរគមនាគមន៍។

ការរឹតត្បិតខ្លាំងនេះ ត្រូវបានសកម្មជននិងប្រជាជនរិះគន់ថា រំលោភសិទ្ធិមនុស្ស ហើយប៉ះពាល់ដល់ជីវភាពប្រជាជនប៉ាគីស្ថាន ដែលពឹងផ្អែកខ្លាំងលើទូរស័ព្ទ សម្រាប់ជីវភាពរស់នៅ។ ក្រុមហ៊ុនទូរគមនាគមន៍បានព្រមានថា វិធានការពន្ធថ្មីនេះ ជាការបំភ័យការវិនិយោគបរទេស៕

ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner