ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ វិស័យឯកជន រួមចំណែកបំពេញនូវទស្សនវិស័យជាមួយរាជរដ្ឋាភិបាល ក្នុងការកែប្រែមុខមាត់រាជធានីភ្នំពេញ ជាទីក្រុងទំនើប

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថាវិស័យឯកជន បានរួមចំណែកបំពេញនូវ ទស្សន វិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការកែប្រែមុខមាត់រាជធានីភ្នំពេញ ឱ្យក្លាយជាទីក្រុងទំនើប និងល្អត្រកាល ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធជាផ្លូវការនូវអគាររ៉ូយ៉ាល់គ្រុបផ្លាទីនីម Royal Group Platinum ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរចំពោះអគាររ៉ូយ៉ាល់គ្រុបផ្លាទីនីម Royal Group Platinum ដែលជាអគារដ៏ប្រណីតមួយនៅរាជធានីភ្នំពេញ និងត្រូវបានបើកសម្ពោធជាផ្លូវការនាពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថានេះមិនគ្រាន់តែជាអគារមួយប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការតស៊ូ និងការខិតខំប្រឹងប្រែងរបស់ស្ថាបនិកអគារ ហើយអគារនេះក៏ជានិមិត្តរូបនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងសិង្ហបុរី រួមទាំងប្រជាជាតិទាំងពីរផងដែរ។ ឯកឧត្តមបានស្នើសុំឱ្យប្រទេសសិង្ហបុរីបន្តបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា និងកម្ពុជាដែលជាទីផ្សារមួយដែលមានស្ថិរភាព និងជាសហគមន៍ នៃអ្នកវិនិយោគដែលមានភាពជឿជាក់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ថ្វីត្បិតតែកម្ពុជាគឺជាប្រទេសដែលងើបចេញផុតពីគំនរផេះផង់នៃសង្គ្រាម ប៉ុន្តែពេលនេះកម្ពុជាបានកសាងនិងអភិវឌ្ឍន៍ខ្លួនដូចបច្ចុប្បន្ន គឺមិនមានប្រទេសច្រើននោះទេដែលទទួលបានជោគជ័យបែបនេះ ដែលនេះគឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ពិនិត្យឃើញថាអគារខុនដូនេះគឺជាប្រភេទលំនៅឋានទំនើបដែលការវិវត្តនៃការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានលក្ខណៈទំនើប ប្រណីត ល្អត្រកាលនិងសុវត្ថិភាព។ បច្ចុប្បន្នអ្វីដែលប្រជាជនចង់បាននោះ គឺមានលំនៅឋានរស់នៅ មានការងារធ្វើ និងប្រាក់ចំណូល ដែលនេះគឺជាបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ អ្វីដែលរាជរដ្ឋាភិបាលចង់ឃើញនោះគឺទ្រនំសុភមង្គលរបស់ប្រជាពលរដ្ឋ មានន័យថា ប្រជាពលរដ្ឋមានផ្ទះរស់នៅសមរម្យ មានម្ហូបអាហារសំបូរបែបហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូល និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នាដែលទាំងនេះ គឺជាទស្សនៈវិស័យដ៏វែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ។

លើសពីនេះ វិស័យឯកជន បានចូលរួមចំណែកបំពេញនូវទស្សនៈវិស័យនេះដូចជាការកសាងអគាររ៉ូយ៉ាល់គ្រុបផ្លាទីនីមនាពេលនេះ គឺជាចលករនៃការប្រែមុខមាត់រាជធានីភ្នំពេញឱ្យមានលក្ខណៈទំនើប និងល្អត្រកាល ។ រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញរាជធានីភ្នំពេញនៅឆ្នាំ២០៥០ ក្លាយជាទីក្រុងដ៏ល្អត្រកាល ជាទីក្រុងដែលមនុស្សគ្រប់វ័យទាំងអស់អាចរស់នៅបានប្រកបដោយភាពសុខដុមរមនា៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner