U.N៖ ជោគជ័យនៃសន្តិភាពរបស់កម្ពុជា បានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព គឺជាគំរូដ៏ល្អ

(ភ្នំពេញ)៖ ជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព គឺជាគំរូដ៏ល្អ ហើយភាពជោគជ័យនេះក៏ទទួលបានផងដែរ នូវការសាទរ និងការគាំទ្រពីបណ្ដាប្រទេសនានាជាច្រើន ។ លោក Jean Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព បានថ្លែងដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែទ នាយករដ្ឋមន្ត្រី កម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ កក្កដា ឆ្នាំ២០២៤ ។

លោកអគ្គលេខាធិការរង បានសម្ដែងនូវការអរគុណចំពោះការចូលរួមចំណែក និងការគាំទ្រដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។

លោកអគ្គលេខាធិការរង ក៏បានកោតសរសើរជាពិសេស ចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានអនុវត្តការងារយ៉ាងសកម្ម និងប្រកបដោយវិន័យខ្ពស់ ។ ពិសេស អង្គការសហប្រជាជាតិបន្តការគាំទ្រកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចសហប្រតិបត្តិការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសដែលកំពុងមានជម្លោះ និងអសន្តិសុខ ។ លោកអគ្គលេខាធិការរង ក៏បានគូសបញ្ជាក់អំពីការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកាឆ្នាំ២០២៤ ខាងមុខ ។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ កម្ពុជា ក្នុងការបន្តចូលរួមចំណែកជាមួយនឹងអង្គការសហប្រជាជាតិក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខ ដល់បណ្ដាប្រទេសដែលកំពុងតែប្រឈមនឹងជម្លោះ និងអសន្តិសុខ ក៏ដូចជាការចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ផងដែរ ។

សម្ដេចធិបតី ក៏បានបញ្ជាក់ថា កម្ពុជា នៅតែបន្តយកចិត្តទុកដាក់ ក្នុងការបោសសម្អាតមីន ហើយមកដល់ពេលបច្ចុប្បន្ននេះខេត្តចំនួន ១៥ របស់ កម្ពុជា ត្រូវបានប្រកាសជាផ្លូវការថា ជាខេត្តដែលគ្មានមីន ហើយរាជរដ្ឋាភិបាល នឹងបន្តការខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន ព្រោះថា បញ្ហាបន្សល់ទុកពីសង្រ្គាម គឺជាបញ្ហាប្រឈម ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ ។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេច របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាអូតាវ៉ា នាពេលខាងមុខនេះ។

សូមជម្រាបថា កម្ពុជា មកដល់ពេលនេះ មានមោទនភាព ដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាមរាប់រយឆ្នាំ អាចស្វែងរកសន្តិភាពពេញលេញដោយខ្លួនឯង ហើយថែមទាំងអាចចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងបុព្វហេតុសន្តិភាពពិភពលោក។ ចាប់ពីឆ្នាំ២០០៦ ដល់ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា បានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិចំនួន ៩៥៧០នាក់ (ស្ត្រី ៨១៨ នាក់) ទៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ មានកងទ័ពរក្សាសន្តិភាពកម្ពុជាចំនួន ៦២៧ (ស្ត្រី ១២៥ នាក់) នាក់ត្រូវបានដាក់ពង្រាយ នៅស៊ូដង់ខាងត្បូង (UNMISS) លីបង់ (UNFIL) អាហ្រ្វិកកណ្តាល (MINUSCA) កុងហ្គោ (MONUSCO) និងស៊ូដង់ (UNISFA)។

ជាមួយនេះ កម្ពុជា បន្តឈរនៅលំដាប់កំពូលទាំង ២៥ ក្នុងចំណោមប្រទេសចំនួន ១២១ ដែលរួមចំណែកកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់ចំណាត់ថ្នាក់លេខ ៣ (បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) នៃបណ្តាប្រទេសអាស៊ាន។ សម្រាប់ការរួមចំណែកដល់កងទ័ពស្ត្រី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោមប្រទេសចំនួន១១៩ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner