អ្នកកែទម្រង់ ឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសអ៊ីរ៉ង់ បានរាយការណ៍ នៅថ្ងៃសៅរ៍នេះថា បេក្ខភាពមាននិន្នាកាធ្វើកំណែទម្រង់ លោក Masoud Pezeshkian បានឈ្នះការបោះឆ្នោតប្រធានាធិបតី ផ្តួលលោក Saeed Jalili ដែលជាអ្នកអភិរក្សនិយមជ្រុល។
គិតត្រឹមព្រឹកថ្ងៃទី៦ ខែកក្កដា ក្រុមមន្ត្រីបោះឆ្នោតបានរាប់សន្លឹកឆ្នោត ជាង៣០លានសន្លឹក ដែលក្នុងនោះ លោក Pezeshkian ទទួលបានសម្លេងគាំទ្រជាង១៦លាននាក់ ខណៈដែលលោក Jalili ទទួលបានច្រើនជាង១៣ លានសន្លឹកឆ្នោតគាំទ្រ នេះបើយោងតាមលទ្ធផល ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ។
លោកវេជ្ជបណ្ឌិត ជំនាញវះកាត់បេះដូងរូបនេះ ធ្លាប់ធ្វើរដ្ឋមន្ត្រីសុខាភិបាល ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Mohammad Khatami ។ លោកទទួលបានភាពលេចធ្លោ សម្រាប់ជំហរប្រឆាំងនឹងការបង្ក្រាបលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ឆ្នាំ២០០៩។
អ្នកជំនាញនិយាយថា លោកអាចជួយសម្រួលដល់ការសន្ទនា រវាងប្រទេសអ៊ីរ៉ង់ និងបណ្តាប្រទេសលោកខាងលិច នេះបើតាមការចេញផ្សាយរបស់ CNN។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានបោះឆ្នោតប្រធានាធិបតី អាណត្តិទី១៤ មុនកាលកំណត់ ក្រោយមរណៈភាពអតីតប្រធានាធីបតី Raisi ក្នុងហេតុការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត