បន្ទះ Chip នាំឲ្យ Samsung ចំណេញ៧ពាន់លានដុល្លារ បីខែមុន
សេអ៊ូល៖ ព្រោះតែតម្លៃបន្ទះឈីបល្អប្រសើរឡើងវិញ ជាពិសេស តម្រូវការ Chip សម្រាប់ AI ឬ បញ្ញាសិប្បនិម្មិត ជំនាន់ថ្មីៗ បន្តកើនឡើង បាននាំឲ្យក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics បានព្យាករណ៍ថា ខ្លួនអាចចំណេញ ៧.៤៥ពាន់លានដុល្លារអាមេរិក នៅត្រីមាសទី២។
ក្រុមហ៊ុនបានឲ្យដឹង កាលពីថ្ងៃសុក្រថា ប្រាក់ចំណេញ ចាប់ពីខែមេសា ដល់ខែមិថុនា អាចនឹងកើនឡើង ១៥ដង បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
ក្រុមហ៊ុនផលិតបន្ទះឈីប អង្គចងចាំធំជាងគេលើពិភពលោកមួយនេះ គឺជាបុត្រសម្ព័ន្ធរបស់ Samsung Group ដែលជាក្រុមហ៊ុនគ្រប់គ្រងជាលក្ខណៈគ្រួសារធំជាងគេ នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីបួន របស់អាស៊ី មួយនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ ផ្អែកលើទិន្នន័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
Semiconductors ឬ ផលិតផលពាក់កណ្តាលសម្រេច គឺជាទំនិញនាំចេញឈានមុខគេ របស់កូរ៉េខាងត្បូង ក្នុងនោះ បានកើនដល់ ១១.៧ពាន់លានដុល្លារ ក្នុងខែមីនា ដែលជាកម្រិតខ្ពស់បំផុត អំឡុងរយៈពេលជិតពីរឆ្នាំ នេះបើយោងតាមតួលេខ ដែលចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្ម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត