គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាល ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា
(ខេត្តកណ្តាល)៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាល ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា៖ ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ចំណេញពេល និង ថ្លៃដឹកជញ្ជូន ប្រកបដោយភាពប្រកួតប្រជែង បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និង រំដោះទឹកជំនន់ ជួយពង្រីក និង បង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទ និង ពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និង ការវិនិយោគ ជាពិសេស ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និង ការកែច្នៃនាំចេញ នៅតាមតំបន់អមព្រែកជីក ។
នេះជាប្រសាសន៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីផ្ទេរមុខតំណែង ឯកឧត្តម គួច ចំរើន ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល ជំនួស ឯកឧត្តម គង់ សោភ័ណ្ឌ ដែលត្រូវទៅកាន់តំណែងផ្សេង នាថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ស្នើសុំប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាលថ្មី ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការបក្សក្រុង/ស្រុក ឃុំ/សង្កាត់ ក៏ដូចជា រដ្ឋបាលខេត្ត ក្រុង/ស្រុក និង ឃុំ/សង្កាត់ មានកិច្ចសហការជិតស្និទ្ធ ជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តសហការល្អជាមួយកងកម្លាំងមានសមត្ថកិច្ច ផ្តោតការយកចិត្តទុកដាក់ លើការងារជាអាទិភាពមួយចំនួន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន នៅគ្រប់មូលដ្ឋាន ។
ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បន្តថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ ឈ្លាសវៃ និង ប៉ិនប្រសព្វ របស់ សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល បាននិងកំពុងខិតខំអនុវត្តយ៉ាងសកម្ម នូវកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលកើតចេញពីកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជាយើង ដែលជាគណបក្សទទួលបាននូវអាណត្តិកិច្ច តាមរយៈសម្លេងឆ្នោត គាំទ្រដ៏ច្រើនលើសលុប របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីដឹកនាំរាជរដ្ឋាភិបាល ជាបន្តបន្ទាប់និងទៅអណាគត ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ក៏បានលើកឡើងពីការគាំទ្រ និង ការសាទរយ៉ាងក្លៀវក្លាបំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ នៅទូទាំងប្រទេស និង នៅក្រៅប្រទេស ចំពោះ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជា «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និង ដើម្បីខ្មែរគ្រប់រូប» បានក្លាយជាចលនាជាតិដ៏ខ្លាំងក្លា ចងបាច់សាមគ្គីភាព និង មនសិការខ្មែរទាំងមូល ឲ្យកាន់តែរឹងមាំ នៅក្រោមម្លប់នៃសុខសន្តិភាព ៕
ដោយ ៖ វេង លឹមហួត