ក្រសួងសុខាភិបាល ឱ្យពលរដ្ឋប្រុងប្រយ័ត្ន ពីការពុល ដោយសារការបរិភោគត្រីក្រពត
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសដោយបញ្ជាក់ថានៅខេត្តកំពង់ឆ្នាំងមាន ករណីពុលចំនួន៧នាក់ បន្ទាប់ពីបរិភោគត្រីក្រពត ដោយមានអាការៈធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការជួយ សង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ ។ ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្នអ្នក ជំងឺមានសភាពធូរស្រាលច្រើនហើយ ។
តាមរយៈនេះដែរ ក្រសួងសុខាភិបាលបានធ្វើក្រើនរំលឹក ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្ក ជាបញ្ហាសុខភាពដែលអាចធ្វើឱ្យបាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមាន ជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួន ត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ ។
ក្រសួងបានបន្តដោយធ្វើការណែនាំដែរថានៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ៩ប្រភេទ ក្នុងនោះមាន ៥ប្រភេទ មានជាតិពុល។ តាមការស្រាវជ្រាវបានរកឃើញថា ត្រីក្រពតដែលមានជាតិពុល រួមមាន៖ ១. ត្រីក្រពតភ្នែកក្រហម (Carinotetraodon Lorteti ឬ Redeye Puffer) មាន ទំហំអតិបរមា ៦ស.ម, ២. ត្រីក្រពតអុចធំ (Tetraodon Biocellatus ឬ Eyespot Pufferfish) មានទំហំ អតិបរមា ៨ស.ម, ៣. ត្រីក្រពតកូសាំងស៊ីន (Monotrete Cochinchinensis) មានទំហំអតិបរមា ១៣,៥ស.ម, ៤. ត្រីក្រពតអុចបៃតង (Tetraodon Nigroviridis ឬ Spotted Green Pufferfish) មានទំហំអតិបរមា ១៧ស.ម. និង៥. ត្រីក្រពតហ្គូវៀធីលីស (Tetraodon Fluviatilis) មានទំហំអតិបរមា ១៧ស.ម។ ត្រីក្រពត ទាំងនេះ មានជាតិពុលខ្ពស់ នឹងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន។ នៅពេលយើងបរិភោគត្រី ទាំងនេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងអាចបណ្តាលឱ្យស្លាប់។ ម្យ៉ាងទៀត ត្រីក្រពតទាំង ៥ប្រភេទខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅ ក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺ ពងនិងស្គមរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។
សម្រាប់រោគសញ្ញា កើតក្រោយពីបរិភោគត្រីបែបនេះរយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាក និយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្អិតថ្លៃ រឹងថ្គាម ឬអាចបណ្តាលឱ្យស្លាប់។ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីវិបត្តិផ្លូវដង្ហើម។ វិធីសង្គ្រោះភ្លាមៗ ក្រោយពីពុល អាចធ្វើបានតាមរយៈធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិ ពុលពីក្នុងខ្លួនបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ស្វែងរក ការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាល និងស្ថានភាពអ្នកជំងឺត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យពីគ្រូពេទ្យជាចាំបាច់ ៕
ដោយ ៖ ម៉ាដេប៉ូ