សហព័ន្ធទូកកានូនិងរ៉ូអ៊ីងកម្ពុជាបំពេញចំណេះដឹងដល់មន្រ្តីអាជ្ញាកណ្តាលឱ្យក្លាយទៅជាមន្រ្តីអន្តរជាតិ
(ស្វាយរៀង)៖ សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា ក្រោមការដឹកនាំ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត សរ សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធ បានបើកវគ្គបណ្តុះបណ្តាល មន្ត្រីរៀបចំការប្រកួតកីឡាទូកនាគថ្នាក់អន្តរជាតិកម្រិត១ ជូនដល់សិក្ខាកាម ដែលជាមន្រ្តី និងអាជ្ញាកណ្តាល រយៈពេល៤ថ្ងៃ ដោយអញ្ជើញ គ្រូឧទ្ទេសជំនាញ មកពីប្រទេសថៃ និងសង្ហបុរី។
កញ្ញា មាសតឿ អគ្គហេរញ្ញឹក សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែ កក្តដា ឆ្នាំ២០២៤ នៅទីរួមខេត្តស្វាយរៀង។
មេរៀនសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាលដែល លោក គ្រូឧទ្ទេសទាំងពីរយកមកបង្ហាត់នេះមាន៧ចំណុចធំៗ ទី១.ការសិក្សាអំពីប្រវត្តសហព័ន្ធកីឡាទូកនាគអន្តរជាតិ ទី២. សិក្សាអំពីរចនាសម្ព័ន្ធរបស់សហព័ន្ធកីឡាទូកនាគអន្តរជាតិ ទី៣.សិក្សាអំពីមុខងារគណៈកម្មការបច្ចេកទេស និងកម្រិតរបស់មន្ត្រីរៀបចំការប្រកួត ទី៤. សិក្សាអំពីតួនាទី និងមុខតំណាងរបស់មន្រ្តីរៀបចំការប្រកួត ទី៥ .ការសិក្សាអំពីការរៀបចំផែនការប្រកួតទូកនាគ ទី៦. សិក្សាអំពីការស្វែងរកព័ត៌មាន នៅក្នុងសហព័ន្ធកីឡាទូកនាគអន្តរជាតិ និងទី៧.សិក្សាអំពីការតរ៉ា និងការដោះស្រាយបណ្តឹង។
កញ្ញា មាសតឿ អគ្គហេរញ្ញឹក សហព័ន្ធ បានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធ ដែល លោក គឺចង់ឱ្យមន្រ្តី អាជ្ញាកណ្តាលរបស់សហព័ន្ធអភិវឌ្ឍន៍សមត្ថភាពក្លាយជាមន្រ្តី អាជ្ញាកណ្តាលអន្តរជាតិឱ្យមានកាន់តែច្រើន ដើម្បីរៀបចំការប្រកួតអន្តរជាតិនៅកម្ពុជាមានកម្រិតស្តង់ដា ដូចការប្រកួតនៅបរទេសដែរ ខណៈដែលបច្ចុប្បន្នទើបតែមានម្នាក់គត់ គឺ លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធទទួលបន្ទុកខាងបច្ចេកទេស។
កញ្ញា បានអះអាងទៀតថា វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃនេះ សិក្ខាកាមដែលធ្វើតេសជាប់នឹងក្លាយជាមន្រ្តី ឬអាជ្ញាកណ្តាលអន្តរជាតិ លើប្រភេទកីឡាទូកនាគអន្តរជាតិ ទទួលស្គាល់ដោយសហព័ន្ធកីឡាទូកនាគអន្តរជាតិ ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីរៀបចំការប្រកួតកីឡាទូកនាគថ្នាក់អន្តរជាតិកម្រិត១ នេះ គ្រូឧទ្ទេសចំនួន២នាក់ មកពីប្រទេសថៃ និងប្រទេសសង្ហបុរី ដោយមានសិក្ខាកាមចូលរួមចំនួនសរុប២០ ក្នុងនោះនារី១០នាក់ និងបុរស១០នាក់ សិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែ កក្តដា ឆ្នាំ២០២៤ នៅទីរួមខេត្តស្វាយរៀង៕
រូបភាព ៖ សហព័ន្ធ
អត្ថបទ ៖ ជាវ ចន្ធូ