សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ធនាគារ វឌ្ឍនៈក្រុង បាវិត សាខាទី៤០
(ខេត្តស្វាយរៀង)៖ សម្ពេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធជាផ្លូវការធនាគារវឌ្ឍន: សាខាទី ៤០ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង មានកម្ពស់ ១០ជាន់ សម្រាប់បម្រើសេវាកម្មហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ និងប្រកបដោយនិរន្តរភាព នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។
អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការនៃធនាគារ វឌ្ឍនៈ បានលើកឡើងថា ធនាគារ វឌ្ឍន: គឺជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកមួយមានស្តង់ដារអន្តរជាតិ ត្រូវបានបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ។ ធនាគារ វឌ្ឍនៈបានផ្តល់ជូននូវផលិតផល និង សេវាកម្ម ផ្នែកធនាគាររូបវន្តបុគ្គល និងពាណិជ្ជកម្មដ៏ពេញលេញ យ៉ាងសម្បូរបែបដែលមានដូចជា សេវាប្រាក់បញ្ញើ សេវាឥណទាន និងសេវាធនាគារតាមឌីជីថល ជាពិសេស ឆ្លុះបញ្ចាំង ពីនិន្នាការដ៏ទំនើប ដែលមានការវិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ ។
អ្នកឧកញ៉ា ឈុន លាង បន្តថា បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានសាខាចំនួន ៤០ នៅទូទាំង២៣ រាជធានី ខេត្ត រួចមកហើយ ។ ក្នុងនោះរាជធានីភ្នំពេញ មាន ១៤សាខា ដោយឡែកសម្រាប់ខេត្តស្វាយរៀង គឺមានសាខាទី ៤០ នៅក្នុងក្រុងបាវិត ហើយនៅពេលដ៏ខ្លីខាងមុខនេះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់សាខា ធនាគារ វឌ្ឍនៈនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ផងដែរ ។
ឯកឧត្តម ប៉េង ពោធិ៍សា បានលើកឡើងថា វត្តមានរបស់ ធនាគារ វឌ្ឍនៈ នៅក្នុងក្រុងបាវិតនាពេលនេះ បានបង្ហាញឲ្យឃើញពីការសម្រេចចិត្តរបស់ ស្ថាបនិកធនាគារ ក្នុងការបង្ខិតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឲ្យមកជិតប្រជាពលរដ្ឋ ។ ឯកឧត្តម បន្តទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅសម្រេច ចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ និង ដើម្បីឆ្លើយតបទៅនឹង បដិវត្តន៍ ឧស្សាហកម្មទី៤ ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុង ដើរតួនាទីស្នូល និងជាចលករសំខាន់គ្របដណ្តប់លើគ្រប់ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, រួមទាំងវិស័យហិរញ្ញវត្ថុ និងធនាគារ ។
លោក Anthony Chin អគ្គនាយកប្រតិបត្តិ បានលើកឡើងពីការប្តេជ្ញាចិត្ត ក្នុងការបង្កើនបទពិសោធន៍ប្រព័ន្ធធនាគារទាំងនៅសាខា និងឌីជីថលសម្រាប់អតិថិជន។ ក្នុងរយៈពេល ២១ឆ្នាំកន្លងមកនេះ ធនាគារ វឌ្ឍនៈ បានពង្រីកសាខាជាបន្តបន្ទាប់ នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន និង ប្រទេសកម្ពុជា ៕
ដោយ ៖ ថេត វិចិត្រ