រដ្ឋមន្ត្រីការបរទេសជប៉ុនគាំទ្រចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា និងបន្តគាំទ្រតទៅទៀត

ភ្នំពេញ៖ លោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន បានគាំទ្រចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា និងបន្តគាំទ្រតទៅទៀត ដែលពីមុនមកជប៉ុនបានតែងតែរួមរស់នៅជាមួយប្រជាជនកម្ពុជា។ ដោយលោកជំទាវបានបញ្ជាក់ថា ការបោះឆ្នោត គឺជាការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ការគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាពីសំណាក់រដ្ឋមន្ត្រីការបរទេសជប៉ុន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ និងស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា ជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅទីស្ដីការ គ.ជ.ប នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបចប់ថា ទទួលបានការស្នើសុំពីភាគីជប៉ុន ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបជាមួយលោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន។ ឯកឧត្តមបន្តថា ជាកិច្ចស្វាគមន៍ ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនរដ្ឋមន្ត្រីការបរទេសជប៉ុនអំពីប្រសិទ្ធភាព នៃជំនួយជប៉ុនមកលើដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា និងបានរម្លឹកអំពីសមទ្ធិផលនានាដែលភាគីជប៉ុនបានផ្តល់មកឱ្យប្រទេសកម្ពុជា ក្នុងនោះការផ្តល់នៅម៉ាស៊ីផ្ទុកទិន្នន័យ គឺមានសារៈសំខាន់ និងមានប្រសិទ្ធភាពបំផុតក្នុងការធ្វើឲ្យបញ្ជីបោះឆ្នោតកាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

អ្នកនាំពាក្យ គ.ជ.ប បានបន្តទៀតថា ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានបញ្ជាក់ផងដែរថា ឈ្មោះស្ទួននៅក្នុងបញ្ជីបោះឆ្នោត គឺថាមិនមានទេ រហូតដល់ ៩៩,៩៩% ដែលឧបករណ៍ផ្ទុកទិន្នន័យដែលជាជំនួយរបស់ប្រទេសជប៉ុនបានជួយសម្រិតសំរាំងធ្វើឱ្យបញ្ជីឈ្មោះមានភាពល្អប្រសើរឡើង។ ឯកឧត្តម ហង្ស ពុទ្ធា បានបន្តទៀតថា រដ្ឋមន្ត្រីការបរទេសជប៉ុន បានសរសើរពីប្រសិទ្ធភាពក្នុងការប្រើប្រាស់ ហើយក៏ជាការលើកតម្កើងនៅដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ ហើយការបោះឆ្នោត គឺជាការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ហើយគាំទ្រចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា និងបន្តគាំទ្រទៀត ដែលពីមុនមកជប៉ុនបានតែងតែរួមរស់នៅជាមួយប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner