កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បី​សន្ដិភាព និងវិបុលភាពក្នុងតំបន់

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី៦ កក្កដា ឆ្នាំ២០២៤ លោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេស​ជប៉ុន បានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងជប៉ុន-កម្ពុជា ដែលប្រ​កប​ដោយភាពជឿទុកចិត្តគ្នាទៅវិញទៅមក ចាប់តាំងពីដំណើរការស្វែង​រកសន្តិ​ភាព និងការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតដល់ពេលបច្ចុប្បន្ន។ សម្រាប់​អនាគតកាល រាជរដ្ឋាភិបាលជប៉ុននឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ KAMIKAWA Yoko និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញ​ទស្សន​កិច្ច​​នៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជន​ជប៉ុន​​ដែលតែងតែបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។

សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុ​ជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុត​ក្នុង​ប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់​ទំនង​ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣ ព្រមទាំង​ការ​ដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ​ការ​ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាក្នុងការបន្តជំរុញនូវការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី តាមអភិក្រមថ្មី លើវិស័យជា​ច្រើន រួមមាន៖ (១) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើ​ហេដ្ឋារចនា​សម្ព័ន្ធសង្គម តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត និង​ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់, ការជំរុញការអភិវឌ្ឍលើវិស័យឌីជីថល និងសន្តិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុខសាយប៊័រ (២) កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់លំហសមុទ្រ តាមរយៈ​​​​​​​ការចូលរួមរៀបចំ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅប្រែក្លាយ​ជា​មជ្ឈមណ្ឌលឡូជីស្ទីកតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការ លើសន្តិសុខ​លំហ​សមុទ្រ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ ក៏ដូចជានគរបាលជើងទឹកកម្ពុជា និងឆ្មាំសមុទ្រជប៉ុន លើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការហ្វឹកហ្វឺនរួមគ្នា និង (៣) ការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ​បោសសម្អាតមីន ដោយលោកជំទាវរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រកម្ពុជា​ក្នុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំង​មនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច​ក្នុងការ​រៀប​ចំកិច្ចប្រជុំ នៃអនុសញ្ញាអូតាវ៉ានេះ និងបានថ្លែងអំណរគុណ​ដល់​ភាគី​ជប៉ុន ដែលបានចូលរួមចំណែក និងគាំទ្រដល់កិច្ចដំណើរការនៃការរៀបចំ ។

បន្ថែមលើនេះ សម្តេចធិបតី និងលោកជំទាវរដ្ឋមន្រ្តី ក៏បានពិភាក្សាគ្នាក្នុងការ​បន្ត​ពង្រឹង ​និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការទាក់​ទាញ​​វិនិយោគពីប្រទេសជប៉ុន ។

សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានស្វាគមន៍ និងអបអរសាទរចំពោះ​ការដំឡើងកម្រិត នៃកិច្ចសន្ទនារវាងវិស័យការពារជាតិ និងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដល់កម្រិតនៃថ្នាក់អនុរដ្ឋមន្ត្រី​នៃប្រទេសទាំងពីរផងដែរ។ ព្រមជាមួយគ្នានេះ សម្ដេចធិបតី និងលោកជំទាវ​រដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាអំពីការ​បន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី​ដើម្បីសន្ដិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិ​សំដៅ​ផ្ដល់នូវអត្ថប្រយោជន៍ទៅវិញដល់ប្រជាជន និងប្រទេសទាំងពីរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner