ឯកឧត្តម វ៉ាត់ ចំរើន ៖ ការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត គឺជាការជំរុញឱ្យកីឡាករ កីឡាការិនី មានទំនុកចិត្តខិតខំហ្វឹកហាត់ និងប្រកួត
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានប្រចាំការក្រុមការងារចំពោះកិច្ច ព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ីលើកទី២ បានដឹកនាំក្រុមការងារចុះទៅកាន់ក្លឹបប្រដាល់ខេបូឌាថប់ធីម ដើម្បីត្រួតពិនិត្យមើលការហ្វឹកហាត់របស់កីឡាករកីឡាការិនីគុនចម្រុះកម្ពុជា ហ្វឹកហាត់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ប្រកួតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែ កក្តដា ឆ្នាំ២០២៤។
នាឱកាសចុះពិនិត្យ និងសំណេះសំណាលនោះ ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអ្នកជំនាញបច្ចេកទេសកីឡាប្រយុទ្ធ និងជាអតីតកីឡាករចំបាប់ ក៏បានបង្ហាញនូវបច្ចេកទេស ដែលជាជំនាញរបស់ឯកឧត្តមផ្ទាល់ ចែករំលែកទៅកាន់កីឡាករកីឡាការិនីអំពីយុទ្ធសាស្រ្តនិងល្បិចមួយចំនួន ដើម្បីយកឈ្នះលើគូប្រជែងលើស្នៀតបោក និងកាច់ក្លេផងដែរ។
បន្ទាប់ពីបញ្ចាប់ការបង្ហាញស្នៀតបច្ចេកទេសទៅដល់កីឡាករកីឡាការិនីឱ្យជ្រោជ្រាបអំពីយុទ្ធសាស្រ្តសំខាន់មួយចំនួនដែលចាំបាច់ប្រើប្រាស់ក្នុងការប្រកួតហើយនោះ ឯកឧត្តម បានណែនាំ កីឡាករកីឡាការិនីយកចិត្តទុកដាក់ខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាព ទម្លាក់ចោលនូវអាម្មណ៍ភ័យខ្លាច និងស្រេសមួយចំនួនឱ្យអស់ ដាក់អារម្មណ៍មុតស្រួចគិតតែរឿងវិជ្ជមានសម្រាប់ការប្រកួត ប្រកួតដើម្បីឈ្នះលើកមុខមាត់កម្ពុជា។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ការដែលក្រុមការងារ បានចុះមកពិនិត្យមើលសកម្មភាពហ្វឹកហាត់ដល់កន្លែងបែបនេះ គឺចង់បង្ហាញថា ក្រុមការងារ និងរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះពួកគាត់ទាំងអស់គ្នា។ ផ្តល់នូវភាពកក់ក្តៅដែលជាការជំរុញលើកទឹកចិត្តឱ្យពួកគាត់មានកម្លាំងចិត្តហ្វឹកហាត់កាន់តែខ្លាំង កាន់តែរឹងមាំ និងល្អជាងមុន ពិសេស គឺលើកទឹកចិត្តឱ្យពួកគាត់កាន់តែមានទំនុកចិត្តខ្ពស់ប្រកួតដើម្បីដណ្តើមជ័យជម្នះជូនកម្ពុជា។
នាឱកាសចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយកីឡាករកីឡាការិនី និងគ្រូបង្វឹកនោះ ឯកឧត្តម រដ្ឋលេខាធិការបានផ្តល់នូវដំបូន្មានល្អៗដែលជាយុទ្ធសាស្រ្តជួយឱការហ្វឹកហាត់ និងប្រកួតមានប្រសិទ្ធភាពផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បាននាំយកថិកាមួយចំនួនចែកជូនដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកថែមទៀតផង៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ