អាជ្ញាកណ្តាលចៅក្រម ៣៨នាក់ ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញគុនចម្រុះអន្តរជាតិ ត្រៀមជើងឯកអាស៊ីលើកទី២
(ភ្នំពេញ)៖ ស្របពេលដែលព្រះរាជណាចក្រកម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ីលើកទី២ ចាប់ដំណើរការពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែ កក្តដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សហព័ន្ធកីឡាគុនចម្រុះកម្ពុជា បានអញ្ជើញអ្នកជំនាញគុនចម្រុះអន្តរជាតិ មកបណ្តុះបណ្តាល ដល់មន្រ្តី ចៅក្រមអាជ្ញាកសរុប ៣៨នាក់ ក្នុងនោះចៅក្រម អាជ្ញាកណ្តាលកម្ពុជាចំនួន ១៦នាក់ និងចៅក្រម អាជ្ញាកណ្តាល ២២នាក់មកពី ១៤ប្រទេស ក្នុងទ្វីបអាស៊ី។
លោក សេង ប៊ុនសុង អនុប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា វគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកីឡាគុនចម្រុះអន្តរជាតិនេះ គឺជាការរៀបចំលើកទី៣ហើយ ដោយលើកទី១រៀបចំនៅប្រទេសថៃ លើកទី២រៀបចំនៅប្រទេសចិន និងលើកទី៣នេះ រៀបចំនៅកម្ពុជា។
លោក អះអាងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសដែលទទួលធ្វើជាម្ចាស់ផ្ទះ ព្រោះចៅក្រម អាជ្ញាកណ្តាលទាំងអស់ ចាំបាច់យល់ដឹងឱ្យបានកាន់តែច្បាស់អំពីច្បាប់លក្ខន្តិកៈនៃការប្រកួត ដើម្បីចូលរួមកាត់សេចក្តីក្នុងការប្រកួតប្រកបដោយគុណភាពដែលកំណត់ដោយច្បាប់អន្តរជាតិ។
លោក គូសបញ្ជាក់ទៀតថា ចៅក្រម អាជ្ញាកណ្តាលកម្ពុជាទាំង ១៦នាក់នេះ ថ្វីត្បិតចូលរួមលើកទី១មែន ប៉ុន្តែពួកគាត់ជាកីឡាករនិងខ្លះទៀតជាចៅក្រម អាជ្ញាកណ្តាលមកពីសហព័ន្ធផ្សេងៗដែលធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលមួយចំនួនរួចមកហើយ ។ ដូច្នោះហើយ ការបណ្តុះបណ្តាលនេះ ធ្វើឱ្យពួកគាត់ងាយចាប់បាននិងងាយយល់ផងដែរ។
អនុប្រធានរូបនេះ បានបន្ថែមទៀតថា អាជ្ញាកណ្តាលចៅក្រមដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាចៅក្រម អាជ្ញាកណ្តាលអន្តរជាតិ អាចមានសិទ្ធិចូលរួមកាត់សេចក្តីការប្រកួតផ្សេងៗនៅក្រៅប្រទេសបាន ព្រោះ គ្រូឧទ្ទេសទាំងអស់សុទ្ធសឹងជាគ្រូរបស់សហព័ន្ធគុនចម្រុះអន្តរជាតិ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគុនចម្រុះអន្តរជាតិនេះ មានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២៤ មានសិក្ខាកាមសរុប៣៨នាក់ ១៦នាក់ ជាចៅក្រម អាជ្ញាកណ្តាលកម្ពុជា និង២២នាក់ ជាចៅក្រម អាជ្ញាកណ្តាលមកពី១៤ប្រទេសក្នុងទ្វីបអាស៊ី៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ