សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសអបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៤ ) ។
សម្ដេចធិបតី បានលើកឡើងថា ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជេីងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ “សិខរិស្វរ និងភទ្រស្វរ” ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបសព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ មានដូចជា៖
១. ព្រះបាទជ័យវរ្ម័នទី២ (គ.ស. ៨០២ – ៨៥០)
២. ព្រះបាទយសោវរ្ម័នទី១ (ឝ.ស. ៨៨៩ – ៩០០)
៣. ព្រះបាទសូរ្យវរ្ម័នទី១ (ឝ.ស. ១០១០ – ១០៥០)
៤. ព្រះបាទឧទយាទិត្យវរ្ម័នទី២ (ឝ.ស.១០៥០ – ១០៦៦)
៥. ព្រះបាទហស៌វរ្ម័នទី៣ (ឝ.ស. ១០៦៦ – ១០៧៩)
៦. ព្រះបាទជ័យវរ្ម័នទី៦ (ឝ.ស. ១០៨០ – ១១០៦)
៧. ព្រះបាទធរណីន្ទ្រវរ្ម័នទី១ (ឝ.ស. ១១០៧ – ១១១២)
៨. ព្រះបាទសូរ្យវរ័្មនទី២ (ឝ.ស. ១១១៣-១១៥០)
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប” ៕
ដោយ ៖ វណ្ណលុក