ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះរាជសារ អបអរសាទរខួប ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសពព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជសារ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៤) ។

ក្នុងព្រះរាជសារដែលឡាយបង្ហោះលេខានៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ព្រះករុណាព្រះមហាក្សត្រកម្ពុជាបានមានព្រះរាជបន្ទូលថា៖ នៅក្នុងឱកាសខួបជាប្រវត្តិ ប្រវត្តិសាស្ត្រ ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។

ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិនិងសកលលោក ឱ្យបានស្ថិតស្ថេរគង់វង្សនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ ទូលព្រះបង្ខំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ ជាតិក្នុងមួយព្រះជន្មព្រះអង្គ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតី តីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល និងមានការចូលរួមរៀបចំសម្របសម្រួលពីសម្តេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចការអភិរក្សនេះកន្លងមក បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែល ពិភពលោកព្រមទទួលស្គាល់នូវប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏ ឆ្នើមនៃបុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។

ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងការគាំទ្រជាខ្លាំង ចំពោះ អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ ICC/PREAH ICC/PREAH VIH VIHEAR និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានជាតំណាង ដែ នៃសាធារណរដ្ឋឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការទាំងអស់ ។

ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរជ័យ បវរសួស្តី ថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ នឹងជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងសូមព្រះមេត្តា ទទួលនូវវត្តប្រណិប័តន៍ដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ ។

សូមជម្រាបថា ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជេីងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ “សិខរិស្វរ និងភទ្រស្វរ” ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបសព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner