បុរសយកកំបិតចាក់មេបក្សប្រឆាំងកូរ៉េខាងត្បូង ជាប់គុក១៥ឆ្នាំ

សេអ៊ូល៖ បុរសដែលបានយកកំបិត ចាក់ចំកញ្ចឹងក របស់មេដឹកនាំបក្សប្រឆាំងនៅប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានតុលាការ សម្រេចឲ្យជាប់គុក១៥ឆ្នាំ។

គួររម្លឹកថា អ្នកវាយប្រហារ ដែលត្រូវបានកំណត់អត្តសញ្ញាណត្រឹមតែនាមត្រកូល Kim បានធ្វើពុតជាអ្នកគាំទ្រ ហើយយកកាំបិត ចាក់លោក Lee ខណៈដែលអ្នកនយោបាយរូបនេះត្រូវបានឡោមព័ទ្ធដោយអ្នកកាសែតនៅទីក្រុងកំពង់ផែ Busan កាលពីថ្ងៃទី ២ ខែមករា។ លោក Lee ទទួលការវះកាត់ សង្គ្រោះបន្ទាន់ ប៉ុន្តែបានជាសះស្បើយឡើងវិញ បន្ទាប់ពីសម្រាក នៅមន្ទីរពេទ្យ ប្រហែលមួយសប្តាហ៍។

អ្នកនាំពាក្យរបស់តុលាការនៅ Busan បានប្រាប់កាលពីថ្ងៃព្រសហ្បតិ៍ថា បុរសវ័យ៦៧ ត្រូវបានរកឃើញថា ប៉ុនប៉ងធ្វើមនុស្សឃាត និងរំលោភច្បាប់បោះឆ្នោត ខណៈដែលការវាយប្រហារបានកើតឡើង ប្រហែលបីខែមុនការបោះឆ្នោតសភា។ ប៉ូលីសបាននិយាយថា លោក Kim បានរៀបចំផែនការវាយប្រហារយ៉ាងល្អិតល្អន់ ខណៈដែលគេចង់រារាំងលោក Lee ពីការក្លាយ ជាប្រធានាធិបតី។

អ្នកនយោបាយកូរ៉េខាងត្បូងល្បីៗ ជាច្រើននាក់ ត្រូវបានគេវាយប្រហារ ជាសាធារណៈ នាពេលកន្លងមក។
លោក Song Young-gil ដែលបានដឹកនាំគណបក្សប្រជាធិបតេយ្យ មុនលោក Lee ត្រូវបានវាយក្បាលដោយវត្ថុមិនច្បាស់ នៅឆ្នាំ២០២២។ នៅឆ្នាំ២០០៦ លោកស្រី Park Geun-hye អតីតប្រធានាធិបតី ត្រូវបានវាយប្រហារដោយកាំបិត នៅឯការជួបជុំ មួយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner