ក្រុមយុវជនសង្គមស៊ីវិលលាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានធ្វើសន្និសីទសារព័ត៌មានដើម្បីលាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការយុវជនសង្គមស៊ីវិល។

ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤កន្លង សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន១០នាក់ ដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ ហេតុការណ៍នេះ បានធ្វើឱ្យក្រុមយុវជនសង្គមស៊ីវិល ពិតជាមានការភ្ញាក់ផ្អើល និងមានក្តីអាណិតអាសូរជាពន់ពេកចំពោះយុវជនជំនាន់ក្រោយដែលចាញ់កលជនបរទេស ប៉ុន្តែច្បាប់ គឺជាច្បាប់ បុគ្គលណាសាង បុគ្គលនោះទទួល។ ក្រុមយុវជនសង្គមស៊ីវិល បានបន្តថា ផ្ទុយមកវិញនៅក្រោយពីវាំងននខ្មៅនៃសកម្មភាពក្រុមយុវជនធ្វើចលនាជ្រុលនិយមទាំងនេះ គឺមានដើមចមអ្នកនៅពីក្រោយ ដោយពួកគេបានប្រើនូវមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមចំពោះយុវជនខ្មែរ ឱ្យងប់លង់ជាមួយពួកគេ។ ដូច្នេះដើម្បីលាតត្រដាង និងបង្ហាញការពិតឱ្យកាន់តែច្បាស់ សូមជម្រាបជូនសាធារណៈជន ពិសេសអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មេត្តាជ្រាបថា ក្រុមយុវជនសង្គមស៊ីវិល នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី៖«លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្កាទោសមេក្លោង និងសកម្មជនចលនាខុសច្បាប់មាតាធម្មជាតិ ចំនួន១០នាក់ ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ នឹងរួមគំនិតក្បត់ ដោយដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ ការប្រកាសសាលក្រមនេះ បន្ទាប់ពីបើកសវនាការចំនួន៥លើក។
ជនជាប់ចោទដែលអះអាងថា ជាសកម្មជនបរិស្ថាន ឬក៏ជាសកម្មជនមាតាធម្មជាតិ បើផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត ប្រមូលភស្តុតាងរបស់សមត្ថកិច្ចបានបង្ហាញថា ពួកគេធ្វើសកម្មភាពមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសឱ្យធ្វើសកម្មភាព។ ពួកគេធ្វើសកម្មភាពបានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធជាមួយនិងហិរញ្ញប្បទានភេរវកម្មដែលផ្គត់ផ្គង់ដោយមេក្លោងជាជនបរទេស។
សមត្ថកិច្ចបានរកឃើញថា ៖
ទី១. ក្រុមនេះជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជនជាតិអេស្បាញ។
ទី២. សមត្ថកិច្ចបានប្រមូលនិងរកឃើញថា គ្រប់សកម្មភាពរបស់ពួកគេ គេយកឈ្មោះជ្រកក្រោមស្លាកការពារបរិស្ថាន តែដើម្បីបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មានបញ្ហាផ្សេងៗធ្វើជាលេសដើម្បីធ្វើជាឈ្នាន់ ឬក៏ជាមូលហេតុញុះញង់ដល់ប្រជាពលរដ្ឋដល់សាធារណៈជនក្នុងគោលដៅប្រឆាំងនិងផ្តួលរំលំរដ្ឋាភិបាល។
ទី៣. ក្រុមនេះធ្វើសកម្មភាពបានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធជាមួយនិងហិរញ្ញប្បទានភេរវកម្មដែលផ្គត់ផ្គង់ដោយមេក្លោងរបស់គេជនបរទេស។
ការធ្វើសកម្មភាពកន្លងមកនេះ សុទ្ធតែមានផែនដាកចង្អុលដឹកនាំច្បាស់លាស់មានមេបញ្ជាការជនជាតិបរទេសនៅក្រៅប្រទេស។
គួររម្លឹកថា អង្គការមាតាធម្មជាតិ ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស សម្រេចលុបចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោកអាឡិច ជាប្រធានអង្គការ ចេញពីប្រទេសកម្ពុជាកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥៕
ដោយ៖ពលជ័យ

ads banner