លោក Biden អបអរសាទរនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី Keir Starmer
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក ឃែរ ស្តាមឺ (Keir Starmer) ដោយអបអរសាទរចំពោះជ័យជម្នះ លើការបោះឆ្នោតសកល របស់គណបក្សការងារកណ្តាលឆ្វេងនិយម។
សេតវិមានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា «លោក Biden និង Starmer បានរំលឹកឡើងវិញ នូវការគាំទ្ររបស់ពួកគេ ចំពោះអ៊ុយក្រែន»។ ប្រភពបន្ថែមទៀតថា «ពួកគេបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេ ក្នុងការការពារផលប្រយោជន៍នៃកិច្ចព្រមព្រៀង Good Friday និងធ្វើការជាមួយមេដឹកនាំនៃប្រទេសអៀរឡង់ខាងជើង ដើម្បីបង្កើត និងនិរន្តរភាពកំណើនសេដ្ឋកិច្ច និងឱកាស»។
លោក Starmer គ្រោងនឹងជួបលោក Biden និងមេដឹកនាំពិភពលោកផ្សេងទៀត ក្នុងទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ អំឡុងកិច្ចប្រជុំកំពូល របស់អង្គការសម្ព័ន្ធយោធាណាតូ។
ផ្អែកតាមសេចក្តីថ្លែងការណ៍ដដែល លោក Biden និង Starmer បានអះអាងសារជាថ្មី អំពីទំនាក់ទំនងពិសេស រវាងប្រជាជាតិទាំងពីរ និងសារៈសំខាន់នៃការធ្វើការរួមគ្នា ក្នុងការគាំទ្រសេរីភាព និងលទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភពលោក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត