កម្ពុជា កំពុងខិតខំផលិតធនធានមនុស្សតាមរយៈជំរុញការសិក្សាក្នុងប្រទេស និងផ្ដល់អាហារូបករណ៍ទៅរៀននៅក្រៅប្រទេស

ភ្នំពេញ៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ព័ន្ធយុវជនអាហារូបករណ៍ ស២ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំបណ្ដុះធនធានមនុស្សឲ្យបានកាន់តែច្រើន តាមរយៈការជំរុញឲ្យមានការសិក្សា នៅក្នុងប្រទេស ព្រមទាំងផ្ដល់ ឬស្វែងរកអាហារូបករណ៍ជូនសិស្សនិស្សិត បានទៅសិក្សានៅក្រៅប្រទេស ។

ក្នុងពិធីសំណេះសំណាលជាមួយអាណាព្យាបាល និងនិស្សិតអាហារូបករណ៍ជាង ១០០នាក់ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី ប្រទេសថៃ ឆ្នាំ២០២៤-២០២៥ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានផ្តោតសំខាន់លើមូលធនមនុស្ស ដោយធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ ពង្រឹងប្រសិទ្ធភាពស្ថាប័ន ការជ្រើសមន្រ្តីប្រកបដោយគុណាធិបតេយ្យ យកមកបំពេញកិច្ចការងារ និងមានប្រព័ន្ធលើកទឹកចិត្តដល់មន្រ្តី ដើម្បីបង្កើនប្រសិទ្ធភាព ចំណេះដឹង ជំនាញ និងប្រសិទ្ធផលការងារខ្ពស់ ។

ឯកឧត្តមបន្តថា ជាក់ស្ដែង ការផ្ដល់នូវអាហារូបករណ៍ដល់សិស្សនិស្សិត ទៅសិក្សាបន្តនៅប្រទេសថៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានេះ នឹងកាន់តែធ្វើឲ្យកម្ពុជា ទទួលបាននូវធនធានមនុស្សបន្ថែម ហើយបន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតជ័យលាភីអាហាររូបករណ៍ទាំងអស់ នឹងត្រូវត្រលប់មកបម្រើជាតិមាតុភូមិ ហើយចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមសក្តានុពលជំនាញរៀងៗខ្លួន ។

ជាមួយនេះ ឯកឧត្តម សុខ ប្រសិទ្ធិ ក៏បានដាស់តឿនដល់និស្សិតអាហារូបករណ៍ទាំងអស់ ត្រូវខិតខំរៀនសូត្រ មានសីលធម៌ល្អ មានគុណធម៌ គោរពវិន័យសាលា រក្សាសាមគ្គីភាព ពង្រឹងភាសា ជាពិសេសមិនត្រូវធ្វើអ្វី ដែលនាំឲ្យអាប់ឱនមុតមាត់ប្រទេសជាតិជាដាច់ខាត ។

សម្រាប់សិស្សនិស្សិត ទទួលបានអាហារូបករណ៍ បង្ហាញនូវការប្ដេជ្ញាចិត្ត ក្នុងការនាំយកចំណេះដឹង និងបទពិសោធន៍ល្អៗ ពីប្រទេសគេ ដើម្បីមកអភិវឌ្ឍខ្លួនឯងផង និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងអនុវត្តន៍តាមគោលការណ៍ណែនាំពីថ្នាក់ដឹកនាំ ជាពិសេសសម្ដេចធិបតី ដែលផ្ដល់នូវអាហារូបករណ៍ដល់ពួកគេនេះ ។

ឯកឧត្តម ផន សំណាង អនុប្រធានប្រចាំការសម្ព័ន្ធយុវជនអាហារូបករណ៍ ស២ បានឲ្យដឹងថា និស្សិតអាហារូបករណ៍ទាំង ១២០នាក់ ត្រូវសិក្សាលើជំនាញគណនេយ្យ គ្រប់គ្រងទូទៅ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ទីផ្សារ គ្រប់គ្រងពាណិជ្ជកម្មឌីជីថល កសិកម្ម តិចណូឡូជីអាហារ គ្រប់គ្រងតិចណូឡូជីឧស្សាហកម្ម តិចណូឡូជីសំណង់ស៊ីវិល វិទ្យាសាស្ត្រកុំព្យូទ័រ តិចណូឡូជីអគ្គិសនី តិចណូឡូជីអេឡិចត្រូនិក វិស្វកកម្មសូវែ គ្រប់គ្រងភស្តុភារ ព័ត៌មានវិទ្យា រចនាផលិតផល មីក្រូជីវសាស្ត្រ ជីវវិទ្យា គណិតវិទ្យា រដ្ឋបាលសាធារណៈ សុខភាពសាធារណៈ គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី បានផ្តល់ជូននិស្សិតកម្ពុជា តាមរយៈសម្ព័ន្ធយុវជនអាហារូបករណ៍ ស២ ចាប់ផ្តើមតាំងពីឆ្នាំ២០១៩ គិតត្រឹមឆ្នាំ២០២៣ និស្សិតកម្ពុជាចំនួន ២៤២នាក់ បានទទួលអាហារូបករណ៍ និងកំពុងបន្តការសិក្សា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner