សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៤)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៤)។ សម្តេចធិបតីបានបញ្ជាក់ថា តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” ​សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង​នៅ​ចុងសតវត្សរ៍​ទី​៦ ដល់សតវត្សរ៍ទី៨ ក្នុង​រជ្ជកាល​ស្តេចឥសាន​វរ្ម័ន ដោយបែង​ចែក​ជា​បី​ក្រុម​សំខាន់ៗ រួមមាន៖ ​ទី១. ក្រុម​ប្រាសាទសំបូរ(ខាងជើង) ទី២​. ក្រុម​ប្រាសាទកណ្តាល​(ប្រាសាទតោ) និងទី៣. ​ក្រុម​ប្រាសាទ​ខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ)។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា នាថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ។ “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”

ads banner