នាយករដ្ឋមន្ត្រីបារាំងប្រកាសចុះចេញពីតំណែង

ប៉ារីស៖ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បាននិយាយថា លោកនឹងលាលែងពីតំណែង បន្ទាប់ពីគណបក្សរបស់លោកបរាជ័យ ក្នុងការឈ្នះសំឡេងភាគច្រើន អំឡុងការបោះឆ្នោតសភា។

ប៉ុន្តែលោក Gabriel Attal បានបន្ថែមថា ប្រសិនបើការលាលែងរបស់លោក ត្រូវបានបដិសេធ លោកបានត្រៀមខ្លួនជាស្រេច ដើម្បីបន្តកាន់តំណែង តម្រូវតាមការទាមទារកាតព្វកិច្ច ខណៈដែលកីឡាអូឡាំពិកទីក្រុងប៉ារីស នឹងត្រូវចាប់ផ្តើម ក្នុងរយៈពេល បីសប្តាហ៍ ខាងមុខនេះ។

លោក នាយករដ្ឋមន្ត្រី Gabriel Attal គ្រោងនឹងដាក់សំណើលាលែងពីតំណែង ទៅកាន់លោកប្រធានាធិបតី Macron នៅថ្ងៃចន្ទនេះ។ លោក Attal ធ្លាប់បាននិយាយ នៅក្នុងបទសម្ភាសន៍ថា «សម្លេងភាគច្រើន គ្របដណ្តប់ដោយក្រុមស្តាំនិយមជ្រុល គឺជាគ្រោះថ្នាក់ ហើយវានឹងក្លាយជាមហន្តរាយ» ។

នៅថ្ងៃចន្ទនេះ ប្រធានាធិបតី Emmanuel Macron បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ដើម្បីដកប្រទេសបារាំងចេញពីភាពមិនប្រាកដប្រជាផ្នែកនយោបាយដ៏ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ពោលគឺបន្ទាប់ពីគណបក្សឆ្វេងបានយក ឈ្នះបក្សស្តាំជ្រុលវិញម្តង ក្នុងការបោះឆ្នោត ជុំទី២ ដោយកាលពីជុំទី១ នាថ្ងៃទី៣០ ខែមិថុនា ក្រុមស្តាំជ្រុលបានឈ្នះ ប៉ុន្តែ គ្មានបក្សណាមួយឈ្នះដាច់នោះទេ។

អ្នកវិភាគនៅក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងបរទេស ហៅកាត់ថា ECFR បាននិយាយថា បារាំងកំពុងស្ថិតនៅលើចំណុចកំពូល នៃការផ្លាស់ប្តូរនយោបាយដ៏ខ្លាំង ហើយព្រមានថា ទោះបីជាលោកប្រធានាធិបតី ម៉ាក្រុង (Macron) បន្តគ្រប់គ្រងរដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតក៏ដោយ លោកត្រូវប្រឈមមុខនឹង «ការជាប់គាំង ផ្នែកនីតិបញ្ញត្តិ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner