សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងថា កម្ពុជា និងបារាំង បានមើលឃើញពីភាពជាដៃគូដ៏ស៊ីជម្រៅដែលបានកសាងឡើងជាង១៨០ ឆ្នាំ ទំនាក់ទំនងប្រវត្តិសាស្ត្រ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងបារំាងកាន់តែកើនឡើងដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសបារាំង។ តាមរយះទំនាក់ទំនងនេះ កម្ពុជាបារាំងបានបង្កើតទំនាក់ទំនងដ៏មានអត្ថន័យដោយផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក និងការស្វែងរកការបណ្តាក់ទុនរួមគ្នាជាដើម។ អ្នកឧកញ៉ា មានជំនឿថា កម្ពុជា បារំាង រួមគ្នាបើកទំព័រថ្មី នៃវិបុលភាពរួមគ្នានៅអាស៊ីអាគ្នេយ៍។

អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញក្តីរីករាយ ដែលវេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម រវាងកម្ពុជា និងបារាំង តាមរយៈការជំរុញឱកាសពាណិជ្ជកម្ម និងវិនិយោគ សម្រួលដល់ការចូលរួមប្រកបដោយអត្ថន័យរវាងក្រុមហ៊ុនបារាំង ទាំងក្នុងតំបន់ និងក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ អ្នកឧកញ៉ា បានរំលឹកថា កាលពីដើមឆ្នាំនេះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅកម្ពុជាបារំាងបានរៀបចំដោយជោគជ័យ នូវវេទិកាធុរកិច្ចបារាំង-កម្ពុជា នៅទីក្រុងប៉ារីស ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលនេះបានបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា បារាំង ហើយក្នុងអំឡុងពេលនោះសភាពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខាលើ MOU ដ៏សំខាន់មួយជាមួយសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម ។

ក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង បានជំរុញឱ្យបណ្តាវិនិយោគិនបារាំង ក្រុមហ៊ុននានា អ្នកចាប់យកឱកាសនេះ ដើម្បីចាប់ដៃគ្នាភ្ជាប់ទំនាក់ទំនង និងចូលរួមជាមួយដៃគូអាជីវកម្មដ៏ល្អក្នុងប្រទេសកម្ពុជានៅក្នុងវេទិកាថ្ងៃនេះ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា បារាំងបានឈានដល់ជិត ១.៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងពីការកើនឡើង នៃការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ អ្នកឧកញ៉ា រំពឹងថា នៅពេលដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល Francophonie នៅឆ្នាំ២០២៦ វេទិកាធុរកិច្ចថ្ងៃនេះផ្តល់ នូវឱកាស ពិសេសមួយដើម្បីស្វែងរកឱកាសថ្មីៗ។

លោក Cyril Girot ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារំាង-កម្ពុជា បានថ្លែងថា នៅថ្ងៃចុងក្រោយ នៃវេទិកានេះ គឺដំណើរទស្សនៈកិច្ចទៅកាន់ខេត្តព្រះសីហនុ នឹងអនុញ្ញាតឱ្យអ្នកចូលរួមទាំងអស់យល់ច្បាស់អំពីបំណងប្រាថ្នារបស់កម្ពុជា ជាពិសេសក្នុងការសាងសង់ “ទីក្រុងឆ្លាតវៃ”ការពង្រីកជាយក្រុង “ឆ្លាតវៃ” ពោលគឺការចេះសម្របខ្លួនប្រកបដោយប្រសិទ្ធភាព ដោយប្រើបច្ចេកវិទ្យាថ្មីជាជំនួយ និងបម្រើដល់ភាពរីកចម្រើនរបស់អ្នករស់នៅតំបន់នោះ។

ចំពោះសហគ្រិនដែលកំពុងស្វែងរកការវិនិយោគនៅប្រទេសកម្ពុជា និងប្រភពនៃការរីកចម្រើនសម្រាប់សកម្មភាពអាជីវកម្មរបស់ខ្លួន លោក សូមអញ្ជើញអ្នកឱ្យចូលរួមក្នុងសហគមន៍ធុរកិច្ចបារាំង-កម្ពុជា ដែលយើងបានអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍ និងលើកទឹកចិត្តដល់អាជីវកម្ម និងការវិនិយោគបរទេស អស់ជាច្រើនទស្សវត្សមកហើយ។

រដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបង្កើតក្រុមការងារប្រកបដោយថាមពល និងសក្ដានុពល ទទួលបានការបណ្តុះបណ្តាលពីសាកលវិទ្យាល័យល្បីៗ។ រដ្ឋាភិបាលនេះ ដែលគាំទ្រអាជីវកម្មយ៉ាងខ្លាំង និងមានឆន្ទៈមុះមុត ដើម្បីនាំប្រទេសទៅកាន់ដំណាក់កាលនៃទំនើបកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចបន្ថែម ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner