ជាងមួយម៉ឺននាក់ចូលរួមគាំទ្រការប្រកួតបាល់ទាត់ក្រុមថ្នាក់ដឹកនាំខេត្តកំពត-កែបនិងក្រុមតារាកម្ពុជា

អត្ថបទដោយ៖
សិលា សារិន

កំពត៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពរវាងក្រុមតារាកម្ពុជាជាមួយ​ក្រុមកីឡាករថ្នាក់ដឹកនាំខេត្តកំពត-កែប ក្រោមប្រធានបទ “រួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ”នៅពហុកីឡដ្ឋានខេត្តកំពតបានបញ្ចប់ដោយជោគជ័យ។ជាលទ្ធផល​ក្រុមកីឡាករ​ថ្នាក់ដឹកនាំខេត្តពត-កែបឈ្នះ២ទល់នឹង១។អ្វីដែលគួរសម្គាល់​សម្រាប់​ព្រឹត្តិការណ៍នេះមានអ្នកទស្សនាជាងមួយម៉ឺននាក់។អ្នកគាំទ្រទាំងអស់បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង។
  
លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពតបានបញ្ជាក់ថាពិតជា​មានមោទកភាពដែលខេត្តកំពតបានធ្វើជាម្ចាស់ផ្ទះ រៀបចំការ​ប្រកួតបាល់ទាត់មិត្តភាពដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោដែលមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋច្រើនលើសពីការរំពឹងទុក។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានផ្តល់នូវភាពរីករាយប៉ុណ្ណោះទេតែបានបង្ហាញពីកម្លាំងសាមគ្គីគាំទ្រ គម្រោងព្រែក ជីកហ្វូណន​តេជោ ដែលនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ។

ដោយឡែកក្រុមយុវជនដែលមកចូលរួមទស្សនាការប្រកួតបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ។ ពិសេស​យុវជនទាំងអស់សូមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។

ចំណែកកីឡាកររបស់ក្រុមតារាកម្ពុជាវិញ បានបង្ហាញនូវការ​ពេញចិត្តយ៉ាងខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់​ទាត់មិត្តភាព គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ របស់​រដ្ឋបាលខេត្តកំពត  ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោប្រវែង​ជាង១៨០​គីឡូម៉ែត្រដោយភ្ជាប់ពីទន្លេទៅសមុទ្រដោយឆ្លងកាត់ ខេត្ត​កណ្តាល តាកែវ កំពត និងខេត្តកែប។ដោយឡែកខេត្តកំពត ព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ស្រុកចំនួនបី មាន ស្រុក​អង្គរជ័យ បន្ទាយមាស និងស្រុកកំពង់ត្រាច ។ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពត គាំទ្រយ៉ាងពេញទំហឹង និងចូលរួមប​សហការគ្រប់រូបភាពដើម្បីឱ្យគម្រោងទទួលបានជោគជ័យ៕
ដោយ៖ សិលា សារិន

ads banner