ក្មួយបង្កើតលោកបណ្ឌិត កែម ឡី អំពាវនាវដល់ក្រុម​ប្រឆាំងជ្រុលនិយមឱ្យបញ្ឈប់យករូបលោកបណ្ឌិត កែម ឡី ដើម្បីកេងចំណេញនយោបាយនិងបំផ្លើសបំភ្លៃការពិត

ភ្នំពេញ៖ លោក ធូវី សុវណ្ណដារ៉ា ក្មួយបង្កើតលោកបណ្ឌិត កែម ឡី និងជាប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសង្គមស៊ីវិលសាខាខេត្តតាកែវ បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងសារព័ត៌មានបរទេសមួយចំនួន សុំកុំយកគ្រប់រូបភាពរបស់លោកបណ្ឌិត កែម ឡី ដើម្បីកេងចំណេញផ្នែកនយោបាយ និងប្រើប្រាស់រូបភាពដើម្បីបំផ្លើសបំភ្លៃការពិត។ ការអំពាវនាវនេះ បានធ្វើឡើងខណៈដែលខួប៨ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី ឈានជិតមកដល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

លោក ធូវី សុវណ្ណដារ៉ា បានអំពាវនាវ និងទទូចម្តងហើយម្តងទៀតដល់ក្រុមប្រឆាំងជ្រុលនិយមសុំកុំយករូបភាពលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក ដើម្បីយកទៅធ្វើជាឈ្នាន់នយោបាយ និងដើម្បីកេងចំណេញនយោបាយ។ ជាពិសេសនាពេលបច្ចុប្បន្ននេះ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន មេក្លោងចលនាខុសច្បាប់បានយករូបភាពលោកបណ្ឌិត កែម ឡី ដើម្បីយកទៅផ្សព្វផ្សាយក្នុងការកេងចំណេញ និងវាយប្រហារមកលើរាជរដ្ឋាភិបាល។ សារព័ត៌មាន ឌឹ ខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ដែលតែងតែយករូបភាពលោកបណ្ឌិត កែម ឡី យកទៅវាយប្រហារមកលើរាជរដ្ឋាភិបាល។

លោក ធូវី សុវណ្ណដារ៉ា បានអះអាងថា ៖ “កន្លងមកលោកពូ កែម ឡី មិនដែលមានគំនិតទៅប្រឆាំងជាមួយរដ្ឋាភិបាលទេ ហើយក៏មិនដែលផ្តួចផ្តើមក៏ដូចជាចង់ផ្តួលរំលំរដ្ឋាភិបាលដែរ ដែលតាមពាក្យចចាមអារាម។ …ហើយក៏សូមអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសារដែលតែងតែឧបត្ថម្ភដល់ក្រុមគ្រួសាររបស់ខ្ញុំបាទក្នុងការធ្វើបុណ្យរម្លឹកខួបលោកពូ កែម ឡី កន្លងមកជារឿយៗ ឧបត្ថម្ភថវិកាជាច្រើនដើម្បីកសាងចេតីយ៍បង្ហើយជូនលោកបណ្ឌិត កែម ឡី”។

លោក ធូវី សុវណ្ណដារ៉ា ក្មួយបង្កើតលោកបណ្ឌិត កែម ឡី បានអំពាវនាវទៅដល់គណបក្សនយោបាយក្រុមប្រឆាំងជ្រុលនិយម អង្គការសង្គមស៊ីវិល វិទ្យុអាស៊ីសេរី និងខេមបូឌាដេលី ដែលតែងតែយករូបភាពលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារ ដើម្បីកេងចំណេញនយោបាយ សូមបញ្ឈប់យករូបភាពលោកបណ្ឌិត កែម ឡី មកផ្សព្វផ្សាយចាប់ពីពេលនេះតទៅ។

ឆ្លើយតបទៅនឹងក្រុមប្រឆាំងជ្រុលនិយមលោក ធូវី សុវណ្ណដារ៉ា បានអះអាងថា លោកបណ្ឌិត កែម ឡី មិនដែលលម្អៀតទៅគណបក្សនយោបាយណាមួយទេ គឺគាត់នៅកណ្តាល គាត់វិភាគបើកវាំងនននៃសង្គម ហើយក៏មិនដែលមានគំនិតនៅក្នុងការផ្តួចផ្តើមផ្តួលរំលំរដ្ឋាភិបាលនោះទេ ដែលនេះជាពាក្យចចាមអារាម។

សូមជម្រាបថា លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅហាងស្តាម៉ាតក្នុងស្ថានីយប្រេង ឥន្ធនៈកាល់តិច ជិតស្តុបបូកគោ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ចំណែកឃាតករត្រូវបានសមត្ថកិច្ចតាមចាប់បានភ្លាមៗ បន្ទាប់ពីបានព្យាយាមរត់គេចខ្លួន។ ឃាតករត្រូវបានតុលាការផ្តន្តាទោសដាក់ពន្ធនាគារអស់មួយជីវិត៕
ដោយ៖ពលជ័យ
រូបភាព៖ពលជ័យ

ads banner