កាអភិវឌ្ឍប្រទេសមួយ ត្រូវការចំបាច់នូវមូលធនមនុស្ស ប្រកប​ដោយចំណេះដឹង សុខភាពល្អ មានសីលធម៌ គុណធម៌ និង​ចរិយា​ធម៌ល្អ

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មាន​ប្រសាសន៍ថា ការអភិវឌ្ឍប្រទេសមួយ ត្រូវការចំបាច់នូវ​មូលធន​មនុស្ស​ប្រកបដោយចំណេះដឹង សុខភាពល្អ និងមានសីលធម៌ គុណធម៌ និងចរិយាធម៌ប្រពៃថ្លៃថ្លា ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងដូច្នេះ​កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជា​អធិបតី នៃពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាម​ក្នុងកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១ ចំនួន ៦៣០ អង្គ/នាក់ នាបរិវេណ​វត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានី​ភ្នំពេញ ដោយមានការ​និមន្ត និងអញ្ជើញចូលរួមពីសំណាក់​គណៈ​សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំ​ក្រសួងធម្មការ និងសាសនា។

ជាមួយការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមកម្មវិធីអប់រំនោះដោយជោគជ័យ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈការបើក​វគ្គអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ដែលរៀបចំ​ដោយព្រះសិរីកោសល សុំ សុខា បានចូលរួម​ចំណែក​ដល់ការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការជម្រះ​នូវទុក្ខកង្វល់ ចេះអប់រំផ្លូវចិត្ត និងផ្តល់នូវក្តីមេត្តាធម៌ ដែលជា​ផ្នែកមួយនៃការចូលរួមកសាងអភិវឌ្ឍសង្គមជាតិប្រកបដោយគុណភាព ។ លោកជំទាវបណ្ឌិត បានបញ្ជាក់ផងដែរថា ការអភិវឌ្ឍប្រទេសមួយត្រូវការចំបាច់នូវមូលធនមនុស្សប្រកបដោយចំណេះដឹង សុខភាពល្អ និងមានសីលធម៌ គុណធម៌ និងចរិយាធម៌ប្រពៃថ្លៃថ្លា ។

ក្នុងពិធីដ៏មហោទ្បារិកនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកសទ្ធាជ្រះថ្លារបស់សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត រួមមានទេយ្យវត្ថុ និងបច្ចេយមួយចំនួន ទៅប្រគេនថ្វាយសម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ តាជី យាយជី សីលវ័ន សីលវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជន អ.ម.ត យុវជនស.ស.យ.ក និងយុវជនសមាគមក្មេងវត្ត​ផងដែរ ។

សូមជម្រាបថា កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួស​កុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១ បានប្រារព្ធឡើងវិញ បន្ទាប់ពីបានអាក់ខានរយៈពេលបួនឆ្នាំ ដោយសារជំងឺរាតត្បាត​សកលកូវីដ-១៩ ដែលប្រារព្ធឡើងក្នុងគោលបំណង​ផ្សព្វផ្សាយ ការអប់រំសីលធម៌ព្រះពុទ្ធសាសនា អប់រំចិត្តគំនិត និងបដិបត្តិសមាធិ ដោយបានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ជាមួយការបំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ ក្នុងនោះមានសីលវតីចំនួន ៣៧៦ អង្គ/នាក់ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner